ភ្នំពេញ៖ ក្នុងជំនួបជាលើកដំបូងរបស់អ្នកចាប៉ីល្បីឈ្មោះ៥នាក់ នៅលំនៅដ្ឋានរបស់លោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន កាលពីថ្ងៃទី២១ ខែមករា បានធ្វើឲ្យសិល្បករខ្មែរពិសេស លោក សន វិជ្ជបុត្រ ដែលជាអ្នករៀបចំកម្មវិធីនឹកខ្លោចចិត្ត អាណិតដល់ស្ថានភាពជីវិតរស់នៅរបស់ពួកគាត់ ដែលមិនមានអ្វីសេសសល់ជាដុំកំភួន ។
លោកតា គង់ ណៃ លោកតាប្រាជ្ញ ឈួន លោកតាស្មៀន ប៉េ ឬតាពូថៅដៃ លោកតាសួន សាន និងអ្នកចម្រៀងចាប៉ីដងវែងមកពីខេត្តស្វាយរៀងម្នាក់ទៀតសុទ្ធតែស្ថិតក្នុងជីភាព និងសុខភាពគួរឲ្យបារម្ភ និងមិនមានឱកាសច្រើនក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅ។
តារាចម្រៀងប្រចាំផលិតកម្ម M លោកសន វិជ្ជបុត្រ បានបញ្ជាក់ថា លោកពិតជាចង់ជួយអ្នកចម្រៀងចាប៉ីដងវែងខ្មែរទាំងនេះ ឲ្យមានស្ថានភាពល្អប្រសើរ ប៉ុន្តែលោកមិនមានលទ្ធភាព។
លោកថា ដោយមើលឃើញពីទុក្ខលំបាករបស់អ្នកចាប៉ីដងវែង ដែលមានវ័យកាន់តែជរា និងជីវភាពខ្វះមុខខ្វះក្រោយ ទើបលោកដាច់ចិត្តសុំការជួយខ្លះៗពីអ្នកស្គាល់គ្នាបូករួមទាំងថវិកាលោកផ្ទាល់ដើម្បីជួយដល់ពួកគាត់។
លោកថា នៅផ្ទះលោកតា ប្រាជ្ញ ឈួន ផ្ទាល់ដែលសិល្បករបានទៅដល់ គឺពិតជាសង្វេគនឹងជីវិតចុងក្រោយ ដែលមិនសេសសល់អ្វីក្រៅតែពីសញ្ញាបត្រ បណ្ណសរសើរ រូបថតជាច្រើនសន្លឹកដែលដាក់តាំងតំរៀបគ្នា។ អ្វីដែលកាន់តែខ្លោចចិត្ត គឺពួកគាតសុទ្ធតែមានជំងឺប្រចាំកាយ ពិសេសការងងឹតភ្នែកនោះ។
លោកបញ្ជាក់ថា ថវិកា និងគ្រឿងឧបភោគមួយចំនួន ដែលលោកបានចែករំលែកនៅពេលនេះ គឺមិនអាចបំពេញតម្រូវការប្រើប្រាស់បានច្រើន ប៉ុន្តែវាគឺជាការលើកទឹកចិត្តដល់ពួកគាត់ ហើយលោកក៏ស្នើឲ្យមហាជនជួយជំរុញលើកស្ទួយ និងគាំទ្របន្ថែមពីសំណាក់មហាជនចំពោះសិល្បៈចាប៉ីដងវែងដែលទើបនឹងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយកាលពីពេលថ្មីៗនេះ។ លោកថា មិនមានអ្វីក្រៅពីបន្តអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដល់គាត់នោះទេ បន្ថែមពីលើជំនួសដែលលោកគៀងគរពីសប្បុរសជនដែលបានយកទៅប្រគល់ជូន ។
សិល្បករនិងសប្បុរសជនមួយចំនួនទៀតដូចជា Cambodian Sydney’s Youth team តាមរយៈលោក seyha អនុប្រធានយុវជនប្រចាំរដ្ឋស៊ីដនី, លោកគង់ សុខម៉េង និងលោកស្រីផាន់ ម៉ូនីការ ម្ចាស់ហាងកាកាសុគីស៊ុបកោះពេជ្រ, អ្នកស្រីជេនីរ័ត្ន, កញ្ញាវីរីយ៉ា តារាសម្តែង, តារាសម្តែងកញ្ញាសួង សុខសារ៉ានីត, លោកស្រីថេដា ឡែន ថៅកែភោជនីយដ្ឋានបាយ័នបឹងស្នោ, តារាចម្រៀងកញ្ញាអែន ណា, តារាចម្រៀងកញ្ញា អែមមី ផលិតកម្មអិម, លោក Vattanak Single ពិធីករTV 5 ,កញ្ញា Empty Empty ព្រមទាំងអ្នកម្តាយ, កញ្ញាថាច់ ផល្លា មកពីសហរដ្ឋអាមេរិក, លោកស្រី Linny Jay Jay CH រស់នៅប្រទេសអូស្រ្តលី៕ វឌ្ឍនា