ភ្នំពេញ៖ បុរសម្នាក់ អាងខ្លួនជា វរសេនីយ៍ត្រី សក្តិ៤ ផ្នែកអង្គរក្សពុយហ៊្សេ ជិះម៉ូតូប៉ះពារគ្នាបន្តិចបន្តួច បែរជា បង្កជាហិង្សាទៅលើភាគីម្ខាងទៀត ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន រួមនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះមកអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទី ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវលេខ ៦៩BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា បុរសដែលបង្កហិង្សាខាងលើនេះ មានឈ្មោះ ឈាង សំអ៊ន ភេទប្រុស អាយុ៣១ឆ្នាំ តួនាទីជារវសេនីយ៍ត្រីសក្តិ៤ ផ្នែកអង្គរក្សពុយហ៊្សេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើដែលជាអង្គរក្សពុយហ៊្សេ បានជិះម៉ូតូមួយគ្រឿងម៉ាកFTR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BC-1221 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៦៩BT លុះបានមកដល់ចំណុចកើតហេតុ ក៏បានប៉ះគ្នាជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1DC-3453 ដែលកំពុងបើកបរដោយបុរសម្នាក់ ស្ទើរតែគ្មានការខូចខាតម៉ូតូអ្វីសោះ បែរជាបង្កជាទំនាស់រហូតបុរសដែលអាងខ្លួនជាអង្គរក្សពុយហ៊្សេរូបនោះ ផ្ទុះហិង្សាវាយទៅលើបុរសអ្នកបើកម៉ូតូសេ១២៥ បណ្តាលឲ្យរងរបួស ផ្អើលដល់ប្រជាពលរដ្ឋដែលជាអ្នកប្រកបមុខរបរ រត់កង់បីនៅចំណុចកើតហេតុដែលបានឃើញហេតុការណ៍ខាងលើនាំគ្នាចូលទៅជួយឃាត់យ៉ាងណា ក៏ជនបង្កខាងលើនៅតែមិនស្តាប់ដដែល រហូតបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ រួមនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីនាំភាគីទាំងសងខាង យកមកធ្វើការសាកសួរប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន ប៉ុន្តែដោយសារតែករណីនេះ ពាក់ពន្ធ័នឹងតួនាទីរបស់កម្លាំងកងរាជអាវុធហត្ថ ទើបសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន ធ្វើការប្រគល់ខ្លួនជនខាងលើ ទៅឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ យកទៅធ្វើការសាកសួរ នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីធ្វើការសុំទោសដល់ជនរងគ្រោះ និងធ្វើកិច្ចសន្យាអប់រំដល់ជនខាងលើ ឲ្យឈប់ប្រព្រឹត្តនូវទង្វើបែបនេះបន្តទៀត រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា៕ តាឡឹម