ខេត្តពោធិ៍សាត់៖ បុរសម្នាក់របួសដាច់ម្រាមដៃស្តាំទាំង៥ និងម្នាក់ទៀតរបួសសុះសាច់យ៉ាងធ្ងន់ ដោយសារការកែច្នៃរុំសេវប៉ាវគ្រាប់បែកបោកយកត្រី ប៉ុន្តែត្រូវបានផ្ទុះនៅក្នុងកណ្ដាប់ដៃ នៅពេលកំពុងធ្វើសកម្មភាពយកទៅបោក ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងត្រង់ចំណុចស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថាជនរងរបួសអាចហៅបានថាជាជនប្រព្រិត្តបទល្មើសដែរនោះទី១ឈ្មោះ សូយ ឡុង ភេទប្រុស អាយុ ៣៣ឆ្នាំ(របួសដៃស្ដាំដាច់ម្រាមទាំង៥) និងទី២ឈ្មោះ សូយ វ៉ាន់ដេត ភេទប្រុស អាយុ ១៣ឆ្នាំ(របួសសុះសាច់) អ្នកទាំង០២នាក់ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។ ប្រភពព័ត៌មានខាងលើបន្តថា មូលហេតុការដែលផ្ទុះបណ្ដាលឲ្យជនរងរបួសនេះ ខណៈដែលពួកគេនាំគ្នាកែច្នៃគ្រឿងបំទោះ(ហែកយករំសេវផាវគ្រាប់បែក) ហើយយករំសេវនោះ ទៅលាយជាព្យូងថ្មពិល រួចញាត់ដាក់ចូលក្នុងដបប្រេងក្រឡាធុនធំ រួមទាំងមានបញ្ឆេះផងដែរ កែច្នៃរួចរាល់ ពួកគេនាំគ្នាយកទៅបោកក្នុងទឹកស្ទឹងដើម្បីក្នុងគោលបំណងយកត្រី ប៉ុន្តែជាអកុសលនៅពេលពួកគេនាំគ្នាចាប់ផ្ដើមដុតបញ្ឆេះឧបករណ៍នោះភ្លាម ផ្ទុះនៅក្នុងកណ្ដាប់ដៃនោះភ្លាមតែម្តងផងដៃរ ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានក្រុមគ្រួសារសាច់ញាតិ ចាត់ចែងបញ្ជូនយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ បញ្ជាក់ប្រជាពលរដ្ឋនៅតំបន់នេះឧស្សាហ៍កើតឡើងជាញឹកញាប់ បើទោសជាសមត្ថកិច្ចបានផ្សព្វផ្សាយជារឿយហើយនោះក្តី ៕ ប៉ឹម ពិន