ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ សាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនអ្នកនេសាទខុសច្បាប់ស្តីពីជលផលជនជាតិវៀតណាមចំនួន ០៤នាក់ ជាបណ្ដោះអាសន្នបន្ទាប់ពីកម្លាំងមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយកំលាំងចម្រុះឃាត់ចាប់ខ្លួន រួមទាំងវត្ថុតាងឧបករណ៍នេសាទ ខណៈពួកគេកំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែង ។
គួររំលឹកថា អ្នកនេសាទជនជាតិវៀតណាមទាំង ០៤នាក់ត្រូវបានកម្លាំងចំរុះធ្វើការឃាត់ចាប់ខ្លួនខាងលើ អនុវត្តន៍ឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុច ឬនិយាមកា(មុខភូមិកំពង់ថ្គោល) ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងបានឲ្យដឹងថា ជនសង្ស័យអ្នកនេសាទខុសច្បាប់ស្តីពីរដ្ឋបាលជលផល ជាជនជាតិវៀតណាមទាំង ០៤នាក់ ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងទី១ឈ្មោះ ង្វៀង យាំុងលូ ភេទប្រុស អាយុ ៣៧ឆ្នាំ ទី២ឈ្មោះ ង្វៀង យាំុងយុង ភេទប្រុស អាយុ ៣១ឆ្នាំ ទី៣ឈ្មោះ វិន យាំុងលូម ភេទប្រុស អាយុ ២៩ឆ្នាំ និងទី៤ឈ្មោះ វិន យាំុងលែ ភេទប្រុស អាយុ ២២ឆ្នាំ អ្នកទាំង ០៤នាក់ស្នាក់នៅភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក នាយសង្កាត់បន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទឈានដល់ការឃាត់ខ្លួន អ្នកនេសាទជនជាតិវៀតណាមខាងលើនេះ កម្លាំងបានដកហូតវត្ថុតាងជាក់ស្តែងរួមមាន កាណូតចំនួន ០៣គ្រឿង.ប្រដាប់កាឡុកទឹកចំនួន ០៣.មងបីជាន់ចំនួន ០៣វង់ ត្រីចំរុះចំនួន ៥៣គីឡូក្រាម និងសម្ភារផ្សេងៗមួយចំនួនទៀតផងដែរ ហើយបានយកទៅរក្សាទុកនៅកន្លែងជលផល។
ប្រភពពីលោកនាយសង្កាត់ដដែលខាងលើបន្តទៀតថា ចំពោះករណីនេះជំនាញបានបំពេញនីតិវិធីបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងបន្តចាត់ការទៅមន្ទីរកសិកម្ម រក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់៕ ប៉ឹម ពិន