ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំកីឡាទូកក្តោងកម្ពុជាមានមោទនភាពចំពោះកីឡាកររបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Windsurfing Championship នៅថៃ

ចែករំលែក៖

ប្រទេសថៃ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកក្តោងកម្ពុជា ហាក់មានអារម្មណ៍ រំភើបនិងមោទនភាពក្រៃលែង ពេលឃើញកីឡាករ វ័យក្មេងរបស់ខ្លួន ជិះទូកក្តោង ក្នុងចំណោមកីឡាករជើងឯកអាស៊ីអាគ្នេយ៍ និង អាស៊ីមកពី១០ប្រទេសផ្សេងៗគ្នានោះ។ មោទនភាពនេះបានកើតឡើងបន្ទាប់ពី សហព័ន្ធបញ្ជូនកីឡាករវ័យ១៤ឆ្នាំ២នាក់ឲ្យទៅហ្វឹកហាត់នៅ ឆ្នេរសមុទ្រជំទៀន ខេត្តប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧កន្លងទៅ តបតាមការអញ្ជើញពីម្ចាស់ផ្ទះថៃ ឲ្យចូលរួមការហ្វឹកហាត់ និងប្រកួតក្នុងព្រឹត្តិការណ៍ Windsurfing Championship ។

កីឡាករដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនទៅទាំង២នាក់ គឺកីឡាករ ហៀង ស៊ុនហេង អាយុ១៤ឆ្នាំ និងកីឡាករ សូត្រ មេសា អាយុ១៤ឆ្នាំ ពួកគេសុទ្ធតែជាអ្នកជិះទូកក្តោងវ័យក្មេង របស់កម្ពុជា ដែលមានភាពប៉ិនប្រសប់ក្នុងការប្រកួតទូកក្ដោងកន្លងមក និងអ្នកតំណាងឱ្យកម្ពុជារយៈពេល៣ថ្ងៃ នៅប្រទេសថៃ ដោយមួយថ្ងៃពួកគេត្រូវប្រកួតចំនួន៣ជុំ ជារៀងរាល់ថ្ងៃ ។

មន្ត្រីអ្នកដឹកនាំកីឡាករបានបញ្ជាក់ថា កីឡាករឆ្នើមទាំង២ គឺយុវជនស្នូលរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ក្រោយការហ្វឹកហាត់នឹងមានឱកាសចូលរួមប្រកួតជាលក្ខណៈអន្តរជាតិបន្តបន្ទាប់ជាមួយកីឡាករកីឡាការិនីបរទេស ។ ជាក់ស្ដែងមុនពេលទៅប្រកួតនៅក្នុងប្រទេសថៃ ក្រុមកម្ពុជាបានទៅប្រកួតជម្រុះនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ដល់ទី១៥ មករា ឆ្នាំ២០១៧ ជុំទី១០។

លោក ថោង រដ្ឋាស័ក្តិ អនុប្រធានសហព័ន្ធបានអះអាងថា វត្តមានរបស់កីឡាករកម្ពុជាទៅប្រកួតនៅក្នុងប្រទេសថៃ គឺជាការឆ្លើយតបតាមការអញ្ជើញរបស់ភាគីម្ចាស់ផ្ទះ ដែលស្នើឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងនោះដូចជា ភាគីសិង្ហបុរី បានអញ្ជើញ ឲ្យកីឡាករទូកក្តោងកម្ពុជា ក្នុងព្រឹត្តិការណ៍ 36Th Singapore Open Windsurfing Championship នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ដោយមានកីឡាករចូលរួម១០០នាក់ មកពីបណ្តាប្រទេសផ្សេងៗគ្នានៅលើពិភពលោក និងបន្តទៅចូលរួមហ្វឹកហាត់ និងប្រកួតនៅប្រទេសថៃកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ មករាឆ្នាំ២០១៧ ។

មន្ត្រីសហព័ន្ធរូបនេះបានអះអាងថា តាំងពីដើមឆ្នាំ២០១៧មក សហព័ន្ធទូកក្ដោងកម្ពុជា រៀបចំឱ្យកីឡាករជើងខ្លាំងទាំងពីរហ្វឹកហាត់ពង្រឹងសមត្ថភាព និងឱ្យចូលប្រកួតជាអន្តរជាតិកាន់តែច្រើន ដើម្បីបណ្ដុះពួកគេឱ្យក្លាយជាធនធានកីឡាករពិតប្រាកដនៅពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវការដណ្ដើមមេដាយឱ្យបានច្រើនជាងគេក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍នោះ៕ សារីម

កីឡាករ ទូកក្តោង កម្ពុជា រូបឯកសារ ១ រូបឯកសារ


ចែករំលែក៖