ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​សម្រេច​ឃុំ​ខ្លួន​លោក​ស្រី​ ទេព​ វន្នី​ ក្នុង​ពន្ធនាគារ​ដដែល​

ចែករំលែក៖

ភ្នំពេញ:លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែមករា នេះ សម្រេចបន្តឃុំខ្លួនលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ក្នុងពន្ធនាគារ ដដែល ដោយទុកលទ្ធភាពឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី ។

លោកស្រីចៅក្រម យល់ឃើញថា សំណុំរឿងនេះបានបញ្ជូនទៅជំនុំជម្រះហើយ ដូច្នេះគម្បីរក្សាទុកជនជាប់ចោទក្នុងពន្ធនាគារ ដដែល ។

លោកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣ ។

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ ពីបទ ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ ” ប្រមាថ ” វិញ ។

តុលាការសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ថ្ងៃនិងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ ” ប្រមាថ ” តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ ។

ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា ។

ទោះបីយ៉ាងណា ឈ្មោះ ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និង បទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ជាដើម ៕  ចេស្តា

 

er


ចែករំលែក៖