ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីវាយប្លន់យកកាបូបលុយ និងទូរសព្ទដៃ ពីយុវជនម្នាក់កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោយមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ឈិន វរ: ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរជាងសំណង់ ទី២ឈ្មោះ អឿង ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរដេរពូក។
មន្រ្តីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងល្បាត ប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួននៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យម្ដងមកហើយ ដោយសង្ស័យករណីលួច ហើយសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ និងឲ្យវិលត្រឡប់ទៅផ្ទះវិញ។ លុះនៅម៉ោង១១យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យទាំងពីរនាក់ បានវាយប្លន់យុវជនម្នាក់ឈ្មោះ ហេង សុជាតិ អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនាម័យ នៅផ្សារអូរឫស្សីយកកាបូបលុយ ។បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យហើយក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច សមត្ថកិច្ចបានស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាមុខសញ្ញាចាស់តែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ ប្រាថ្នា