ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត, ស្រុក, ប៉ុស្ថិ៍ សហការគ្នាបង្រ្កាបការប្រើប្រាស់ និងធ្វើជំនួញសារធាតុញៀន ឈានដល់ការឆែកឆេរលំនៅឋានពីរកន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ រួមទាំងវត្ថុតាង និងសម្ភារផ្សេងៗផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅភូមិកំពង់លើ ឃុំក្បាលត្រាច និងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពរាយការណ៍ពីកម្លាំងចុះអនុវត្តន៍ប្រាប់តាមទូរស័ព្ទនៅសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា ករណីទី១ កម្លាំងឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ឃាត់ខ្លួនមុខសញ្ញាជួញដូរសារធាតុញៀន ជាម្ចាស់ផ្ទះឈ្មោះ ចិន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ លំនៅដ្ឋានទី២ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ឃាត់ខ្លួនមុខសញ្ញាជួញដូរសារធាតុញៀន ជាម្ចាស់ផ្ទះឈ្មោះ លក្ខ សៅសុីថា ភេទប្រុស អាយុ ៤១ឆ្នាំ។
ប្រភពបន្តថា ក្នុងនោះកម្លាំងឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនចំនួន ៥នាក់ថែមទៀត ទី១ ឈ្មោះ លី សា ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ទី២ ឈ្មោះ សុះ ម៉ាណ ភេទប្រុស អាយុ ២៨ឆ្នាំ ខ្មែរឥស្លាម រស់នៅក្រឡាញ់ ឃុំក្បាលត្រាច ទី៣ ឈ្មោះ ឡឹក សុីយ៉ូម ភេទប្រុស អាយុ ២២៨ឆ្នាំឆ្នាំ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ទី៤ ឈ្មោះ ត្រែន ឡុង ភេទប្រុស អាយុ ២១ឆ្នាំ ខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច និងទី៥ ឈ្មោះ វង់ រ៉ាទី ភេទប្រុស អាយុ ២១ឆ្នាំ ខ្មែរ រស់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា វត្ថុតតាង និងសម្ភារផ្សេងៗរួមមាន ឧបករណ៍សម្រាប់ការប្រើប្រាស់គ្រឿងញៀន ថង់សម្រាប់ច្រកគ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា កាំភ្លើងខ្យល់ ១ដើម គ្រាប់កង់ ២៤គ្រាប់ កាំបិតស្នៀត។ល។
ទាំងជនសង្ស័យ និងវត្ថុតាង សម្ភារ បានបំពេញនីតិវិធី នៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ហើយបានបញ្ជូនទៅសាលាដំបូងខេត្ត ៕ បឹុម ពិន