ខេត្តកំពង់ស្ពឺ៖ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា ទីលានបាល់ទាត់ស្តង់ដាមួយនៅក្នុងខេត្តកំពង់ស្ពឺ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមា៣ទៅ៤ពាន់នាក់ គ្រោងកសាងនាពេលដ៏ឆាប់ខាងមុខនេះ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង១លានដុល្លារក្រោមជំនួយពី ក្រុមហ៊ុនឯកជនដើម្បីសង់ទីលានបាល់ទាត់ដ៏ប្រណីតទុកសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងកីឡាករ កីឡាការិនី។
លោក ហ៊ុន ម៉ានីបញ្ជាក់ថា ការកសាងទីលានបាល់ទាត់ ប្រណីតនេះមិនមែនជាថវិកាគម្រោងរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនោះទេ គឺជាការដែលលោកបានគៀងគរសុំពីក្រុមហ៊ុនឯកជនដើម្បីដំណើរការសាងសង់ទីលាននេះឡើង ក្នុងគោលបំណងចង់ធ្វើឲ្យវិស័យកីឡាបាល់ទាត់នៅខេត្តកំពង់ស្ពឺមានការរីកចំរើន និងមានកីឡាករខ្លាំងៗល្បីឈ្មោះជាច្រើននាក់បន្ថែមទៀត ដូចជាកីឡាករចាន់ វឌ្ឍនាកា និងប្រាក់ មន្នីឧត្តមចេញពីខេត្តកំពង់ស្ពឺ ។
អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ បញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅខេត្តកំពង់ស្ពឺឲ្យមានការរីកចំរើន ដែលអាចប្រកួតប្រជែងបានជាមួយក្រុមខ្លាំងៗដទៃទៀតបាននោះ លោកនឹងស្នើសុំគ្រូបង្វឹកបង្គោលមកពីរាជធានីភ្នំពេញ សម្រាប់ការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់ដល់យុវជនខេត្តកំពង់ស្ពឺ ឲ្យមានសមត្ថភាពពេញលេញក្លាហាន ក្លាយជាកីឡាករអាជីព ត្រៀមប្រកួតប្រជែងពានរង្វាន់ក្នុងស្រុក ដូចជាពានរង្វាន់សម្តេចតេជោហ៊ុនសែនជាដើម។
គួររំលឹកថា បច្ចុប្បន្នខេត្តកំពង់ស្ពឺទទួលបានទីលានបាល់ទាត់ខ្នាតតូច ហ្វូតសាលចំនួន៣រួចមកហើយពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាក្នុងការជំរុញឲ្យ យុវជនចូលរួមលេងកីឡា ព្រោះខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលម្បូររដោយធនធានមនុស្សពោរពេញសមត្ថភាពប្រកួតប្រជែងគ្រប់វិស័យ មិនថា តែកីឡាបាល់ទាត់នោះទេ ៕ សារីម