ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយស្តីបន្ទោសរឿងបាត់មាសទាញខ្សែគោចងកធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ទាញខ្សែគោចងកលើដើមស្តៅបានសម្រេច ខណៈត្រូវបានគេអះអាងថា អាចបណ្ដាលមកពីអាក់អន់ចិត្តនឹងឪពុកម្តាយស្តីបន្ទោស រឿងបាត់លុយ និងមាស ព្រោះតែស្រ្តីរងគ្រោះជាហិបលុយ(គ្រប់គ្រងលុយកាក់ក្នុងគ្រួសារ) ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចដើមស្តៅក្បែរផ្ទះចម្ងាយប្រមាណ៥ម៉ែត្រ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែស្តុកបានឲ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ វង្ស គុណ អាយុ ៣១ឆ្នាំ មេមាយគ្មានកូន បច្ចុប្បន្នស្នាក់នៅក្នុងបន្ទុកគ្រួសារឪពុកម្តាយ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រែស្ដុក ស្រុកកណ្ដៀង។

ប្រភពខាងលើបន្តថា ស្រ្តីរងគ្រោះបានយកខ្សែគោចងកធ្វើអាត្តឃាតនឹងដើមស្តៅក្បែរផ្ទះចម្ងាយប្រមាណ ៥ម៉ែត្រ ហើយការដែលស្រ្តីជាជនរងគ្រោះសម្រេចបែបនេះ អាចបណ្ដាលមកពីការអាក់អន់ចិត្ត និងឪពុកម្ដាយស្តីបន្ទោសបន្តិចបន្តួចរឿងបាត់លុយ និងមាស ខណៈដែលស្រ្តីរងគ្រោះរូបនេះ ជាអ្នកគ្រប់គ្រងផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ ហើយក៏មានទំនុកទុកចិត្តពីអាណាព្យាបាលនោះដែរ ទើបគាត់ប្រគល់តួនាទីនេះ ប៉ុន្តែមុនពេលកើតហេតុនេះឡើង ត្រូវបានគេដឹងថា មានទំនាស់ក្នុងគ្រួសារ ខណៈដែលប្អូនបង្កើតម្នាក់មករកខ្ចីលុយធ្វើដើមទុន(មុខរបរ) ហើយឪពុកម្តាយប្រាប់ថា ឲ្យប្អូនខ្ចីខ្លះទៅដើម្បីប្រកបរបរទទួលទាន គ្រានោះស្រ្តីរងគ្រោះប្រាប់ថា គ្មានលុយទេ ថែមទាំងប្រែប្រួលទឹកមុខ ឪពុកម្តាយក៏បានសួរនាំខ្លះៗអំពីហេតុផលមិនមានលុយ មិនស្មានថា ជនរងគ្រោះធ្វើបែបនេះនោះទេ លុះក្រោកពីដំណេករកនាងមិនឃើញ ទើបនាំគ្នាឆោឡោឡើង ហើយរុករកលុយកាក់និងមាសដែលឪពុកម្តាយគិតថា មានសល់ ប៉ុន្តែបែរជាគ្នានអ្វីទាំងអស់បែបនេះទៅវិញ ឪពុកម្តាយមានចម្ងល់មិនដឹងថា កូនគាត់(រងគ្រោះ)ដើរស៊ីចាយវាយអស់ឬចាញ់បោកនរណាម្នាក់នោះទេ តែទោសជាយ៉ាងណា ក៏មិនគួរសម្រេចចិត្តបែបនេះសោះ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះបានរាយការណ៍ជាបឋមជូនថ្នក់លើ និងចុះស្រាវជ្រាវចាប់យកវត្ថុតាងនានាជុំវិញកន្លែងកើតហេតុ លទ្ធទទួលបានពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យជាប់ពាក់ព័ន្ធ ឬសង្ស័យ និងករណីឃាត់កម្មនោះឡើយ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

ssqw


ចែករំលែក៖