ភ្នំពេញ៖ ប្រពន្ធតារាចម្រៀងរិន សាវ៉េត ដែលមានជំងឺមហារីកសុដន់ បានចូលសម្រាកមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត អស់រយៈពេលជាច្រើនថ្ងៃមកហើយ។
បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល៨ថ្ងៃមក ស្ថានភាពជំងឺរបស់ប្រពន្ធលោក រិន សាវ៉េត បានធូរស្រាល ហើយនៅព្រឹកថ្ងៃទី២៦ ខែមករា នេះ គ្រូពេទ្យបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
លោករិន សាវ៉េត បានប្រាប់ថា ជំងឺភរិយារបស់លោកមិនដល់ថ្នាក់វះកាត់ឡើយ គឺគ្រូពេទ្យបានប្រើថ្នាំដើម្បីចាក់សម្លាប់មេរោគកុំឲ្យរាលដាលថែមទៀតហើយអាចមានសង្ឃឹមជាសះស្បើយឡើងវិញឆាប់ខាងមុខនេះ។
លោកបានបន្តថា ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យចេញមកសម្រាកនៅផ្ទះនៅព្រឹកនេះដោយឲ្យថ្នាំមកលេបជាប្រចាំ។ជាមួយគ្នានោះគ្រូពេទ្យតម្រូវឲ្យ២១ថ្ងៃ ត្រូវមកជួបម្ដង ដើម្បីតាមដានសុខភាព។ តាមការបញ្ជាក់របស់លោករិន សាវ៉េត ដោយសារតែជីវភាពរបស់ក្រុមគ្រួសារលោកមានភាពក្រីក្រខ្លាំងពេក ថ្លៃនៃការសម្រាកព្យាបាលរបស់ភរិយា លោកទាំងអស់មិនត្រូវបានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតគិតប្រាក់ឡើយ ។
តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសរូបនេះបានថ្លៃងអំណរគុណជាខ្លាំងដល់សប្បុរសជនទាំងអស់ ក៏ដូចជាមន្ទីរពេទ្យខាងលើដែលបានជួយដល់ក្រុមគ្រួសារលោក ។
បច្ចុប្បន្នភរិយារបស់លោកកំពុងសម្រាកព្យាបាលនៅផ្ទះជួលមួយកន្លែងខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃ ដោយផ្ទះជួលនោះលោករិន សាវ៉េត បានជួលរស់នៅជាច្រើនឆ្នាំមកហើយក្នុងខែខ្ទង់ជាង២០០ដុល្លារ បូកទាំងទឹកទាំងភ្លើង៕ វឌ្ឍនា