ភ្នំពេញ៖ អស់រយៈពេលជិត៤ឆ្នាំហើយម្ចាស់បទ ខោរិបគូថខ្លី គឺលោក មុត ឧត្តម បានបាត់មុខពីសិល្បៈ។ ការបាត់មុខគឺក្រោយពីផលិតកម្មពន្លឺនាគហោះ និងឆ្លងដែនបានផ្អាកដំណើរការផលិតបទចម្រៀង ប៉ុន្តែតារាចម្រៀងរូបនេះ គ្រោងនឹងចេញបទម្រៀង Original ថ្មីមួយនៅពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីវិលមកពីការច្រៀងនៅប្រទេសបារាំង និងកាណាដាប្រកបដោយជោគជ័យនោះ។
គេចាំបានថា មុត ឧត្តម គឺជាតារាចម្រៀងលេចធ្លោម្នាក់កាលពីអំឡុង១០ឆ្នាំ មុនបន្ទាប់ពីបទចម្រៀងល្បីៗរបស់លោកជាច្រើនវាយលុកក្នុងទីផ្សារ។ តារាចម្រៀងរូបនេះ បានស្ងប់ស្ងាត់មួយរយៈធំ បន្ទាប់ពីលោកសម្រេចចិត្តចូលរោងការ ប៉ុន្តែការចេញទៅច្រៀងរាំនៅក្រៅស្រុកលោកនៅតែមានសកម្មភាពជាហូរហែរ។
ថ្លែងបញ្ជាក់ពីប្រទេសកាណាដា តារាចម្រៀងវ័យ៣៣ឆ្នាំរូបនេះ លើកឡើងថា លោកមិនបានបោះបង់ចោលអាជីពជាអ្នកចម្រៀងនៅឡើយនោះទេ ។ លោកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមានភារៈច្រើន និងកិច្ចការងារខាងក្រៅ ជាមួយនឹងសកម្មភាពសិល្បៈក្រៅស្រុក ពិសេសលោកក៏បានបំពេញការងារជាមួយសមាគមខ្មែរមួយចំនួននៅប្រទេសបារាំង និងកាណាដាដើម្បីរៀបចំឲ្យមានការអញ្ជើញតារាចម្រៀង តារាសម្តែងពីកម្ពុជាចេញច្រៀងនៅក្រៅស្រុក។
លោកបញ្ជាក់ដែរថា ក្រោយពីវិលទៅដល់កម្ពុជាក្នុងអំឡុងចុងសប្តាហ៍នេះ លោកនឹងបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយបទដែលជាបទចម្រៀងនិពន្ធថ្មីបែបមនោសញ្ចេតនាគឺបទ”មនុស្សធាត់ក៏មានបេះដូង” ដែលលោកបានបញ្ចប់ការថតសំឡេងរួចហើយគឺនៅតែការចេញថតជាMVប៉ុណ្ណោះ ។ លោកបន្តថា បទចម្រៀងនេះ អាចនឹងចេញផ្សាយលើបណ្តាញសង្គមមួយចំនួនពិសេស YouTube ក្នុងអំឡុងចុងខែមីនា ឬដើមខែមេសាឆ្នាំ២០១៧នេះ ។
តារាចម្រៀងរូបនេះលើកឡើងដែរថា បទចម្រៀងថ្មីOriginal នេះ នឹងត្រូវផលិតដោយផលិតកម្មClap Your Hand ហើយអ្វីដែលោកចង់បញ្ចេញស្នាដៃថ្មីនេះ ព្រោះតែចង់លើកកម្ពស់វិស័យបទចម្រៀងថ្មីបន្តគ្រាដែលបទចម្រៀងថ្មីរបស់អ្នកពិពន្ធខ្មែរយើងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនក្នុងពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាលោកនៅមិនទាន់សន្និដ្ឋានបាននៅឡើយទេថា តើបទចម្រៀងថ្មីរបស់លោកនឹងទទួលបានការគាំទ្រយ៉ាងដូចម្តេចពីទស្សនិកជននៅឡើយ។
លោកបន្តថា ការខកខានឡើងឆាកតន្ត្រីកន្លងមកគឺដោយសារតែមិនមានបទចម្រៀងថ្មីសម្រាប់ទស្សនិកជនទោះបីជាមានស្ថានីយទូរទស្សន៍ជាច្រើនទាក់ទងឲ្យលោកឡើងច្រៀងក៏ដោយ។ តារាចម្រៀងរូបនេះ លើកឡើងដែរថា លោកនឹងពិចារណាក្នុងការឡើងកម្មវិធីទូរទស្សន៍ជាថ្មីនៅពេលខាងមុខនេះដែរ។ ប៉ុន្តែលោករំពឹងថាការបង្ហាញវត្តមានបទចម្រៀងជាថ្មីរបស់លោក្រោយពេលស្ងាប់ស្ងាត់អស់ជាច្រើនឆ្នាំនេះ នឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លោកជាថ្មីដែរ៕ វឌ្ឍនា