ភ្នំពេញ ៖ កំលោះក្រមុំជាគូសង្សារនឹងគ្នាបានជិះម៉ូតូទៅអង្គុយសាសង ឧិបថើបគ្នានៅកន្លែងងងឹតនិងស្ងាត់ទៀត ស្រាប់តែមានជនសង្ស័យ៣នាក់ មកដល់គំហ៊ក ខ្ចីទូរស័ព្ទ រួចហើយបានដកដាវគំរាម កាប់ប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង រួចយកទៅលាក់ទុក នៅដីឡូត៍មួយកន្លែងតែត្រូវសមត្ថកិច្ចតាមរកឃើញយកបានមកវិញ ។
ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង៩និង១០យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចដីវាល ក្រោយរោងទឹកត្នោតជូរ ខាងលិច របងរោងចក្រកាណាឌីយ៉ា ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ឈឿន ឈីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកសង្សាររបស់គេ មានឈ្មោះធួរ លែន អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។រីឯម៉ូតូដែលជនសង្ស័យ ប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1I-3080 ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ប្រដាប់ដោយ ដាវមួយដើម មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ក្រោយពេលប្លន់ម៉ូតូបានសម្រេច។
តាមសម្តីពីជនរងគ្រោះ បានឲ្យដឹងថា កន្លងមករូបគេនិងសង្សារ តែងតែនាំគ្នាទៅ អង្គុយសារសងគ្នាលេង នៅចំណុចកើតហេតុខាងលើ មិនដែលមានបញ្ហាអ្វីនោះទេ។ លុះ មកដល់មុនពេលកើតហេតុ ខ្លួននិងសង្សារ បានទៅអង្គុយលេងសាសង គ្នាលេង ដូចសព្វដង ស្រាប់តែលេចមុខ ជនសង្ស័យ៣នាក់ ដើរមកក្បែរ រួចពួកគេបានសម្លុតសុំខ្ចីទូរស័ព្ទរបស់ខ្លួន តែខ្លួនបានប្រាប់ថា ទូរស័ព្ទអស់លុយហើយ។ ភ្លាមនោះ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានដកដាវ មកគំរាមកាប់ប្លន់យកម៉ូតូ ធ្វើឲ្យគាត់និងសង្សារភ័យ ក៏ប្រគល់សោម៉ូតូ ទៅជនសង្ស័យរួចពួកគេបាននាំគ្នាជិះម៉ូតូចេញទៅបាត់តែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ ជាងកន្លះម៉ោង ទើបជនរងគ្រោះ មានស្មារតីនឹងនឡើងវិញក៏បាននាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ ។ បន្ទប់មកសមត្ថកិច្ចបាននាំជនរងគ្រោះ ទៅចង្អុលបង្ហាញកន្លែងកើតហេតុ និងប្រាប់ពីផ្លូវ ដែលជនសង្ស័យជិះចេញ ទើបសមត្ថកិច្ច ក្តាប់បានសភាពការណ៍នេះបាននាំជនរងគ្រោះ ទៅកាន់ដីឡូត៍មានព្រៃមួយកន្លែង ស្ថិតនៅក្រោយ ភូមិគោកចំបក់ ពីព្រោះកន្លែងដីឡូត៍នេះ ពីមុនមានជនសង្ស័យធ្វើសកម្មភាព ប្លន់កន្លងមក និងធ្លាប់យកវត្ថុតាង យកទៅលាក់ទុកទីនោះម្តង ជាពីរដងហើយ។ លុះដល់សមត្ថកិច្ច នាំជនរងគ្រោះទៅពិនិត្យមើល ក៏ស្រាប់តែឃើញម៉ូតូនោះនៅទីនោះមែន ដោយក្រុមជនសង្ស័យយកទៅលាក់ទុកមានមែកឈើគ្របពីលើម៉ូតូកុំឲ្យគេឃើញ ហើយត្រូវសមត្ថកិច្ចយកម៉ូតូមកប្រគល់ឲ្យជនរងគ្រោះវិញ និងកំពុងស្រាវជ្រាវ រកមុខជនសង្ស័យចាប់ខ្លួនមកផ្តន្ទាទោសឲ្យបាន ៕ ប្រាថ្នា