ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានជិះម៉ូតូបុករថយន្ត គេចរួចម្នាក់ ចាប់បានម្នាក់វាយទក់សាច់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសពីរនាក់ប្តីប្រពន្ធខណៈកំពុងបណ្តើរគ្នាតាមផ្លូវសាធារណៈនិងកំពុងចុចទូរស័ព្ទដៃម៉ាក iPhone 6 ឆែកមើលផែនទីរកផ្លូវ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូហុងដាឌ្រីមសេ ១២៥ ស៊េរី២០១៦មួយគ្រឿងមកឆក់យកទូរស័ព្ទបានសម្រេចតែសំណាងអាក្រក់ត្រូវប្រជាពលរដ្ឋ ឃើញតាមចាប់បានម្នាក់វាយទ្រមខ្លួន កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ១៥៤កែងផ្លូវ១៩ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិនដែលប្រពន្ធ មានឈ្មោះ GiVo Ly អាយុ ៣២ឆ្នាំ ចំណែកប្តីមានឈ្មោះ Zhang Givang អាយុ ៣៣ឆ្នាំ ស្នាក់នៅសណ្ឋាគារ De Art ផ្លូវ១០៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ជាជនជាតិចិន ត្រូវជាប្តីប្រពន្ធ និងគ្នា ទើបតែដើរចេញមកពីសណ្ឋាគារ ទៅរក ញុំាអាហារពេលយប់នៅជិតកន្លែងកើតហេតុ ។ លុះពេលធ្វើដំណើរ មកដល់ក្រោយវត្តឧណ្ណាលោមត្រង់ ចំណុចផ្លូវ១៣កែងផ្លូវ១៥៤ គាត់ក៏ដកទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌មាស យកមកចុចស្វែងរកផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FW-9694 បានមកដល់រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះជាប្រពន្ធ បានសម្រេចហើយបម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋក្បែរនោះឃើញទាន់ បាននាំគ្នាជិះដេញតាមពីក្រោយ ហើយស្រែកថាចោរៗទើបជនសង្ស័យភ័យស្លន់ស្លោជិះទៅបុករថយន្តតូយ៉ូតាកាមរីបាឡែន មួយគ្រឿងចំពីមុខពេញទំហឹងបណ្តាលឲ្យដួល ។ ភ្លាមៗនោះ ជនសង្ស័យម្នាក់ដែលឆក់ទូរស័ព្ទដៃបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯអ្នកឌុបវិញត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃធាក់មួយជើង បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង រីឯម៉ូតូបាក់ក្បាំងអស់មួយចំហៀង ហើយរថយន្តកាមរីបាឡែនវិញ មិនចង់មានរឿងច្រើន ក៏ជិះចេញទៅបាត់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះមកដឹកយកជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំនណែកជនរងគ្រោះវិញក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ចាត់ការតាមច្បាប់ ៕ ប្រាថ្នា

ចោរឆក់ទូរសព្ទ


ចែករំលែក៖