ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករធ្វើផ្លូវម្នាក់ រងរបួស និងក្រុមក្មេងស្ទាវ៣នាក់រងរបួស ចំណែករថយន្ត២គ្រឿង រងការខូចខាត ខណៈដែលបើកឆាកប្រយុទ្ធគ្នា បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឈប់មើល និងរាយការណ៍មកសមត្ថកិច្ច ចុះអន្តរាគមន៍ជួយឃាត់ខ្លួន ដោយមូលហេតុក្មេងស្ទាវជិះម៉ូតូដួលលើផ្លូវដែលកំពុងស្ថាបនា ហើយខឹងកម្មករបើករីវឺល័រ ទើបបង្កើតជាហិង្សាតែម្ដង។
ការហិង្សាវាយគ្នានេះ បានកើតឡើងកាលវេលាម៉ោង១៣និង២០ នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រុមក្មេងស្ទាវដែលរងរបួសមានឈ្មោះ ១.ឈ្មោះ សុខ សុផល ហៅ ប្រេះ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ផ្សាដែក ឈ្មោះ សុខ ភក្តី ហៅ ទិត ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ ផ្សាដែក និងឈ្មោះ អ៊ុក សោភា ហៅ យ៉ាវ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ផ្សាដែក ដោយអ្នកទាំង៣រស់នៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។
សមត្ថកិច្ចបន្តថា ចំណែកក្រុមកម្មករធ្វើផ្លូវដែលសមត្ថកិច្ចឃាត់មកសាកសួរមានឈ្មោះ ង៉ូយ បេន ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិ ព្រៃញាត ឃុំ ប្រធាតុ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ឈ្មោះ កឹម សាក់ ហៅ ធួន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ កោះប៉ែន ឃុំ កោះមិត្ត ស្រុក កំពង់សៀម ខេត្ត កំពង់ចាម និងឈ្មោះ សូ វណ្ណី ហៅ ឈុន ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ត្របែក ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ។
អ្នកភូមិបានអោយដឹងថា មុនកើតហេតុមានក្រុមក្មេងស្ទាវបានជិះម៉ូតូដួលនៅកន្លែងការដ្ឋានធ្វើផ្លូវ ហើយក៏មានការខឹងសម្បារយ៉ាងខ្លាំង ដល់អ្នកបើករីវឺល័រដែលកំពុងឈូសដី ក៏នាំគ្នាស្ទុះទៅវាយធ្វើអោយអ្នកបើកវីវីល័រខឹង ក៏រត់ចូលក្នុងការដ្ឋាន និងហៅគ្នីគ្នាមកជួយដោយម្នាក់ម្នាក់មានការបំពង់ទីប និងសោធំធំវាយគ្នាបង្កអោយមានការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចបានមកដល់អន្តរាគមន៍ និងឃាត់ព្រមទាំងយកភាគីដែលរងរបួសមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងកំពុងសាកសួរដល់ភាគីទាំងសងខាង រកអ្នកបង្កហេតុដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន