ព័ត៌មានទាន់ហេតុការណ៍៖

ចូលឆ្នាំចិននាំគ្នាលេងល្បែងជល់មាន់នគរបាលចុះបង្ក្រាបឃាត់ខ្លួនបាន១៤នាក់ មាន់ជល់៩ក្បាល និងលុយជិត៣០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកលេងល្បែងស៊ីសងប្រភេទ បញ្ជល់មាន់ចំនួន១៤នាក់ រួមនឹងមាន់គកចំនួន៩ក្បាលផង ត្រូវបានសមត្ថិច្ចនគរបាលខណ្ឌសែនសុខ ឆ្មក់បង្ក្រាបបានកាលពីរសៀលថ្ងៃអាទិត្យ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅក្នុងដីឡូត៍មួយកន្លែង ជាប់ភូមិគ្រឹះមួយស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទីតាំងល្បែងសង្វៀនបញ្ជល់មាន់នោះ ត្រូវបានគេដឹងថា បានលួចសម្ងំបើកលេងយូរឆ្នាំហើយ ដោយលួចលាក់ តែនៅថ្ងៃចូលឆ្នាំចិនយួន៣ថ្ងៃជាប់ៗគ្នានេះ គេនាំគ្នាលេងទ្រង់ទ្រាយធំ រហូតផ្អើលដល់មហាជន រាយការណ៍ប្រាប់ប៉ូលិសខណ្ឌ ទើបលោក ម៉ក់ ហុង(អធិការ) បញ្ជាកម្លាំងដឹកនាំផ្ទាល់មកបង្ក្រាបជាក់ស្តែងតែម្តង។

ចំពោះក្រុមអ្នកញៀនល្បែងទាំងនោះ មានមេខ្លោងម្នាក់ឈ្មោះ វុធ អាយុជាង៥០ឆ្នាំ ធ្លាប់ត្រូវបានគេចាប់ដាក់គុកចំនួ៣ដងមកហើយ ដោយមិនចេះរាងចាលសោះ និងមិនខ្លាចគុកទេ ដោយសារតែគាត់ជាប់គុកម្តងៗរយះពេលខ្លីពេក និងហាក់ដូចជាស្គាល់ចិត្តសមត្ថកិច្ចផងដែរ។

នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានប្រើប្រាស់កងម្លាំងរាប់សិបនាក់ឆ្មក់ សម្រុកចូលទៅបង្ក្រាបក្នុងទីតាំងសង្វៀនជល់មាន់នោះ នៅក្នុងដីឡូត៍ដែលមានរបងហ៊ំព័ទ្ឋ យ៉ាងជិតល្អ ដែលជាក់ស្តែង សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះមានស្រីម្នាក់ និងមាន់ឈ្មោល(អាគក)ចំនួន៩ក្បាល រួមទាំងដកហូតបានលុយកាក់ប្រមាណជិត៣០០០ដុល្លារអាមេរិក ក្នុងនោះមានលុយខ្មែរចំនួន ១.១០៥.០០០ រៀល និងលុយដុល្លារចំនួន២៦០០ដុល្លារ និងដកហូតបាន ជញ្ជីងថ្លឹងមាន់មុនពេលប្រកួត ផ្ទាំងកៅស៊ូរសម្រាប់ហ៊ំព័ទ្ឋកែច្នៃជាសង្វៀនចំនួន១ផ្ទាំង ដែកខ្នាយ និងម៉ូតូជាច្រើនគ្រឿងទៀត។

ពាក់ព័ន្ឋការបង្ក្រាបនេះ មានការរិះគន់ពីប្រជាជននៅតំបន់នោះថា គេលេងរាប់ឆ្នាំ មកហើយមិនដែលកើតបញ្ហាអ្វីទេ ព្រោះមានការត្រូវរ៉ូវគ្នាជាមួយប៉ូលិស មណ្ឌល និងប្រជាការពារភូមិ ទើបតែថ្ងៃបុណ្យចូលបែរជាមករំខានការសប្បាយ របស់ក្រុមអ្នកញៀនល្បែងនេះទៅវិញ។

ប្រភពដដែលបានបន្តថា ក្រុមវង់សង្វៀននេះលេងខ្នាតធំៗណាស់ មានអ្នកខ្លះចាញ់អស់រាប់ពាន់ដុល្លារតែមួយពព្រិចភ្នែក និងមានអ្នក ចាញ់អស់ឡាន ម៉ូតូក៏មានដែរ ។

ក្រុមអ្នកញៀនល្បែងទាំង១៤នាក់ខាងលើនោះ មានឈ្មោះ ១/ អេង លីន ភេទប្រុស អាយុ៣៥ឆ្នាំ។ ២/ សៅ សារ៉ូន ភេទស្រី អាយុ៣០ឆ្នាំ។ ៣/ ចាន់ ផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ។ ៤/ ពុត ចាន់ត្រា អាយុ៤០ឆ្នាំ។ ៥/ មុត ម៉ៅ អាយុ ៤៥ឆ្នាំ។ ៦/ សឹង សម្បត្តិ អាយុ២៩ឆ្នាំ, ៧/ សាន សុភ័ក្ត្រា អាយុ៣៣ឆ្នាំ។ ៨/ តន់ សុជាតិ អាយុ៣១ឆ្នាំ។ ៩/ កន សុវណ្ណ អាយុ៣៧ឆ្នាំ។ ១០/ គង់ ប៊ុន ថន អាយុ៣៩ឆ្នាំ។ ១១/ ចិត សុខជា អាយុ៣៩ឆ្នាំ។ ១២/ អ៊ុយ វុទ្ឋី អាយុ៣៣ ឆ្នាំ ។ ១៣/ កុច សីណាត អាយុ៣១ឆ្នាំ ។ ១៤/ ចាន់ វុត្ថា អាយុ៣៦ឆ្នាំ ។

ពួកគេក្រុមអ្នកញៀនល្បែង ជល់មាន់ទាំង១៤នាក់នោះ មានកំពុងត្រូវបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងកសាងឯកសារត្រៀមបញ្ជូនទៅតុលាការ ដែលក្រុមគ្រួសារជនជាប់ចោទនាំគ្នាត្រៀមលុយកាក់យ៉ាងក្រាស់ក្រែលម្នាក់ៗដើម្បីរត់ការដោះលែង ប៉ុន្តែប៉ូលិសមិនហ៊ានដោះលែងទេ ខ្លាចមានការរិះគន់ វាខុសច្បាប់ ដូច្នេះបានណែនាំអោយទាក់ទងខាងតុលាការ ដែលក្នុងសំណុំរឿងនេះ គឺមានការបញ្ជាឯកភាពពីលោកកុល ប៊ុន ព្រះរាជអាជ្ញារង តុលាការអមសាលាដំបូង ដែលជាអ្នកកាន់រឿងនេះប្រចាំការនៅខណ្ឌសែនសុខ ៕ តុង សីហា

sre (1) sre (2) sre (3) sre (4)


ចែករំលែក៖