ខេត្តកំពង់ស្ពឺ៖ ដោយការខិតខំ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្នងការនគរបាល បានចេញបញ្ជាអោយសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនក្រុមជនបង្ករបួសស្នាមបាន៦នាក់ យកមកចាត់ការតាមនីតិវិធី តែពេលបញ្ជូនដល់ស្នងការ បែរជាមានបញ្ជាពីតុលាការអោយដោះលែងមនុស្ស២នាក់ទាំងយប់ទៅវិញ ។
សមត្ថកិច្ចនគរបាលស្រុកគងពិសីបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៣១ មករា ២០១៧ថា មនុស្សប្រុស ស្រីចំនួន៦នាក់ ដែលជាជនដៃដល់ត្រូវបាននគរបាលជំនាញស្រុកឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ជាបន្តបន្ទាប់ ក្រោយពីក្រុមជនដៃដល់ខាងលើបានព្រួតគ្នាប្រើអំពើហិង្សាទៅលើជនរងគ្រោះ បណ្តាលអោយរបួសបែកក្បាលជាទំងន់រួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការបន្ត ស្រាប់តែយប់ឡើង សមត្ថកិច្ចស្រុកបានដឹងថា ខាងអយ្យការបានដោះលែងមនុស្ស២នាក់អោយមានសេរីភាពវិញទាំងយប់តែម្តង។
មន្ត្រីនគរបាលស្រុកគងពិសីបានត្អូញត្អែរថា កម្លាំងម្នាក់ៗបានខិតខំស្រាវជ្រាវតាមចាប់ក្រុមជនបង្កយកមកប្រគល់អោយស្ថាប័នច្បាប់ចាត់ការចំពោះទង្វើរបស់គេ តែបែរជាទៅដល់ ស្រាប់តែមានការដោះលែងយ៉ាងស្រួលៗទៅវិញ ការដោះលែងបែបនេះធ្វើអោយសមត្ថកិច្ចបាក់ទឹកចិត្តជាខ្លាំង ក្នុងការបំពេញភារកិច្ចបង្ការ ទប់ស្កាត់ រាល់បទល្មើសដែលកើតឡើង។
ប្រភពបន្តថា ការដោះលែងនេះគឺដោយសារតែមានមន្ត្រីជាន់ខ្ពស់នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលមួយរូប ជាអ្នករត់ការជាមួយស្ថាប័នអយ្យការ ។
ពាក់ព័ន្ឋនឹងការដោះលែងនេះដែរ លោកឩត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបាននិយាយអោយដឹងថា ខាងលោកបានប្រឹងប្រែងតាមចាប់អស់លទ្ធភាពហើយ ដើម្បីយកមកប្រគល់អោយច្បាប់ចាត់ការ រីឯរឿងតុលាការដោះលែងជាសិទ្ធិរបស់តុលាការ ខាងលោកសុំមិនធ្វើអត្ថាធិប្បាយឡើយ ។
ដោយឡែកលោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់នោះ បានប្រាប់ផងដែរថា មនុស្ស២នាក់ដែលតុលាការដោះលែង អាចមិនមានពាក់ព័ន្ឋក្នុងការប្រព្រឹត្តបទល្មើស ទើបតុលាការអោយទៅផ្ទះវិញ។
គួរបញ្ជាក់ថា ករណីបង្កអំពើហិង្សា និងរបួសស្នាមនេះដែរ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំវាលមួយរូប ឈ្មោះកង សាវ៉ាង ត្រូវបានដកមកបញ្ឈរជើងនៅអធិការដ្ឋាននគរបាលស្រុកផងដែរ ដោយសារតែមន្ត្រីរូបនោះ មិនទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយនៅអង្គុយផឹកជាមួយក្រុមជនដៃដល់។ ដោយមើលឃើញពីភាពកម្សោយ និងភាពអសកម្មរបស់លោក វ៉ាង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុវាល មិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះ ទើបលោកអភិបាលខេត្តបានបញ្ជាអោយស្នងការខេត្ត ចាត់អោយមន្ត្រីនគរបាលស្រុកគងពិសីអោយឃាត់ខ្លួនក្រុមជនបង្កទំាង៦នាក់ជាបន្តបន្ទាប់ ។
ក្រុមជនសង្ស័យដែលត្រូវបានដោះលែងមានឈ្មោះ សុខ ណាង ភេទស្រី អាយុ២៨ឆ្នាំ និងឈ្មោះ រតនា ភេទប្រុស អាយុ៣០ឆ្នាំ ក្រុមជនទាំង២នាក់នេះ ចេញផុតពីការឃុំឃាំងមកបានបង្កការភ័យខ្លាចដល់ជនរងគ្រោះជាខ្លាំងលើសដើម។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឈ្មោះ ឃឹម នឿន អាយុ៤៥ឆ្នាំ បានរៀបរាប់ថា នៅមុនពេលកើតហេតុនោះគឺក្រុមគ្រួសាររបស់គាត់បានបង្កើតកម្មវិធីហូបចុកនៅក្នុងបរិវេណដីឡូត៍ផ្ទះរបស់គាត់ដោយរៀបចំចាក់ធុងបាស់ច្រៀងរាំលេងសប្បាយកំដររដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដោយការហូបចុកនោះអូសបន្លាយរហូតដល់ពេលព្រលប់ពេលនោះក៏ស្រាប់តែមានការទាស់ពាក្យសម្តីពីគ្នាមួយសន្ទុះក៏ស្ងប់ទៅវិញ។ក្រោយមកក្រុមជនបង្កបាននាំគ្នាជាច្រើនបានសម្រុកយកដែក ដំបង និងដុំថ្មគប់សំដៅចូលមកក្នុងបរិវេណផ្ទះរបស់គាត់បណ្តាលឲ្យគាត់រងរបួសបែកក្បាលដួលសន្លប់រហូតដល់មានការភ្ញាក់ផ្អើល ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។
ក្រុមជនដៃដល់ដែលបានវាយ និងគប់បណ្តាលគាត់រងរបួសនោះត្រូវបានស្គាល់ឈ្មោះទី១ រតនា ទី២ ណូ ទី៣ រីន ទី៤ ដែត ទី៥ មុយ ទី៦ សិដ្ឋិនិងបក្ខពួកជាច្រើនទៀតមិនបានស្គាល់ឈ្មោះ ។
ពាក់ព័ន្ធនឹងការដោះលែងមនុស្ស២នាក់ឲ្យវិលទៅផ្ទះវិញនេះដែរ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ លោក កែវ សុធា ព្រះរាជអាជ្ញាបានប្រាប់តាមទូរស័ព្ទថា មិនមែនឃាត់មនុស្ស៦នាក់ទេ គឺឃាត់តែ៥នាក់ប៉ុណ្ណោះ ហើយចំពោះអ្នកដែលត្រូវបានដោះលែងឲ្យវិលទៅវិញ គឺលោកបានប្រាប់ទៅស្នងការថា បើសិនជាអ្នកនោះមិនមានពាក់ព័ន្ធទេ ត្រូវឲ្យគេវិលទៅផ្ទះវិញ យើងមិនអាច ចេះតែចាប់មកបានទេ វាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គេ ៕ សេនាស័ក្តិ