ភ្នំពេញ៖ ថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិងកំពុងខិតខំហ្វឹកហាត់ដល់ក្រុមជម្រើសជាតិ ជាប្រចាំ លើប្រភេទកីឡាជាច្រើនដូចជា អត្តពល ហែលទឹក ប៉ូលីង បាញ់កាំងភ្លើង បាញ់ធ្នូ បាល់ទាត់ បាល់ទះ វាយកូនឃ្លីលើតុ ឡូនប៊ូល(Lawn Bowls) ដែលជាទិសដៅសម្រាប់ត្រៀមចូលរួមប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ។
លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយ ដែលគណៈកម្មាធិកាជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចាប់ដៃគូជាមួយអង្គការបេះដួងមាស របស់ជប៉ុន ។ ក្រោមកិច្ចសម្របសម្រួលនិងឧបត្ថម្ភពីដៃគូអភិវឌ្ឍ កីឡាជនពិការ បានវិវឌ្ឍខ្លួនយ៉ាងឆាបរហ័ស និងទទួលបានការគាំទ្រពីមហាជន ក្នុងនិងក្រៅប្រទេស ពិសេសការជំរុញនិងលើកទឹកចិត្ត ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។
លោកអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា សម្រាប់កម្មវីធី បណ្តុះបណ្តាលចលនាកីឡាជនពិការរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមករា ដល់ទី១ ខែកុម្ភៈ ឆ្នាំ២០១៧ សហការជាមួយអង្គការបេះដួងមាស ធ្វើឡើងក្នុងគោលបំណងត្រៀមកីឡាករ កីឡាការិនីជនពិការកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេស៊ីនាពេលដ៏ខ្លីខាងមុខនេះ។
លោកបានបន្ថែមថា ចំពោះវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើប្រភេទពិការរបស់កីឡាករ កីឡាការិនី ច្បាប់ប្រកួត ការហ្វឹកហាត់ និងការអនុវត្តបច្ចេកទេសជាក់ស្តែងនៅលើទីលានប្រកួត ដោយមានសាស្ត្រាចារ្យ ជំនាញផ្នែកកីឡាជនពិការពីប្រទេសជប៉ុន។ គួររំលឹកថា កីឡាការិនីពិការ សៅ ធីតា ទទូលមេដាយប្រាក់ ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡារដូវរងារ នៅប្រទេសកូរ៉េ៕ សារីម