ព័ត៌មានទាន់ហេតុការណ៍៖

លោកហែម ដារិទ្ធ៖ នឹងយកប្រាក់រង្វាន់ Soccer Leagueប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

 
ភ្នំពេញ៖ បើចាំមិនខុសទេ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានក្លិបបាលទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានសន្យាថា លោក និងក្រុមការងារ រៀបចំយកថវិកា ដែលជាប្រាក់រង្វាន់ របស់ក្រុមកីឡាករបាល់ទាត់ខណ្ឌពោធិសែនជ័យដែលឈ្នះនៅក្នុងព្រឹត្តិការណ៍ ប្រកួតបាលទាត់ Soccer League 2017 យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ លោក ហែម ដារិទ្ធ បានបញ្ជាក់បែបនេះ ក្រោយកូនក្រុមរបស់លោកឈ្នះពានរង្វាន់ខាងលើ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាពេលកន្លងទៅថ្មីៗនេះ។

លោក ហែម ដារិទ្ធ បានបញ្ជាក់ថា អ្វីដែលលោកបានសន្យា លោកនឹងធ្វើឲ្យខាងតែបាន មិនមែនជាការសន្យាខ្យល់នោះទេ ប៉ុន្តែសូមរង់ចាំដល់ខែកុម្ភៈ ឆ្នាំ២០១៧ លោក និងក្រុមការងារ គ្រូបង្វឹកកីឡាករ របស់សាលាខណ្ឌពោធិសែនជ័យទាំងអស់ នឹងរៀបចំថវិកាដែលប្រាក់រង្វាន់ Soccer League 2017ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។

ជាមួយនឹងជ័យលាភីដែលក្រុមយុវជនសាលាខណ្ឌឈ្នះខាលើនេះដែរ អភិបាលខណ្ឌរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ឲ្យចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព ក៏ដូចជាចូលរួមគាំទ្រវិស័យកីឡាកម្ពុជាផងដែរ។ លោកបានបញ្ជាក់ ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាកាន់តែរីកចម្រើនខ្លាំងឡើង ជាក់ស្តែងដូចជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៤ឆ្នាំមកនេះ មានការចូលរួមពីមហាជនកាន់តែច្រើនឡើង ពិសេសឆ្នាំនេះ មានក្រុមកីឡាបាល់ទាត់ចូលរួមចំនួន៦៥ក្រុម មកពីទូទាំងប្រទេស។

គួររំលឹកថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League 2017 ចំណាត់ថ្នាក់លេខ១ បានក្រុម ស.ស.យ.ក. ខណ្ឌពោធិសែនជ័យ ចំណាត់ថ្នាក់លេខ២បានទៅក្រុម ស.ស.យ.ក. កំចាយមា និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុម អាណាចក្របៃតង់ ដោយមានការអញ្ជើញ ប្រគល់ពាន និងថវិកា ពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា លោកស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោក សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕ សារីម

2 unnamed (1) unnamed (3) unnamed (4) unnamed


ចែករំលែក៖