ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្នុងខណៈដែលបុរសម្នាក់នោះកំពុងបើកបរម៉ូតូ ហើយត្រូវបានរថយន្តធុនធំបុកពីក្រោយយ៉ាងពេញទំហឹង ក្នុងទីសដៅស្របគ្នា ។
ហេតុការណ៍នេះ បានកើតមានឡើងកាលពីថ្ងៃទី៣០ ខែមករា២០១៧ វេលាម៉ោង៤និង១០នាទីរសៀល នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៥ លេខ២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក HyunDei ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេពញ 3C 0864 បើកបរក្នុងទិសដៅពី ភ្នំពេញ-ខេត្តព្រះសីហនុ (កើត-លិច) អ្នកបើកបររត់គេចខ្លួន ។
មកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងក្នុងទិសដៅស្រប ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1i-8148 បើកបរដោយឈ្មោះព្រុំ សុឃីម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំកោះខ្សាច់ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពដដែលបានបន្តទៀតថា គ្រោះថ្នាក់នេះ បានបណ្តាលឲអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងទាំង២ និងបោកក្បាលធ្ងន់ ទាំងមួកកាពារ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅខេត្តព្រះសីហនុ ។
ប្រភពបានបន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះឡើង អាចបណ្តាលមកពីរថយន្តបើកជ្រុលល្បឿន ហើយទៅបុកម៉ូតូពីក្រោយតែម្តង តែទោះបីយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវជាក់ស្តែង ។
វត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ