ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្សចំនួន ៣៣០នាក់មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែងបានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ សិស្សានុសិស្សចំនួន ៣៣០នាក់មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែងបានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម ដើម្បីស្វែងយល់អំពីដំណើរការជំនុំជម្រះក្តី លើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ក៏ដូចជាស្វែងយល់ពីរឿងរ៉ាវមួយចំនួនដែលបាន កើតឡើងក្នុងរបបនោះ។

របបខ្មែរក្រហមដែលគេជឿថាបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនលាននាក់បានស្លាប់ បាត់បង់ជីវិតយ៉ាងវេទនាខ្លោចផ្សាបំផុតដោយការធ្វើទារុណកម្ម សម្លាប់ អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល និងការស្លាប់ដោយការធ្វើការងារហួសកម្លាំង និងដោយអំពើអមនុស្សធម៌ផ្សេងទៀត។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថាការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្ម ដែលកើតឡើងក្នុងរបបខ្មែរក្រហមជាការចាំបាច់បំផុត។

លោកសង្កេតឃើញថា ទោះបីជាសិស្សានុសិស្សទាំងអស់កើតមិនទាន់របបខ្មែរក្រហមក៏ពិតមែន ប៉ុន្តែពួកគាត់បានចងចាំនូវរឿងរ៉ាវផ្សេងៗ អំពីរបបខ្មែរក្រហមតាមរយៈការនិយាយប្រាប់តៗគ្នារបស់ឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ និងជាពិសេសបានស្គាល់នូវឈ្មោះអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងត្រូវបានយកមកជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងនោះរួមមាន កាំង ហ្គេកអ៊ាវ ហៅឌុច អតីតប្រធានគុក ទួលស្លែង នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ចក្នុងរបបខ្មែរក្រហម។

នៅពេលដែលសួរថាតើប្អូនៗចង់ឱ្យរបបខ្មែរក្រហមប្រល័យពូជសាសន៍វិលមកវិញទេ? សិស្សានុ សិស្សទាំងនេះបានឆ្លើយព្រមៗគ្នាថាពួកគេមិនចង់ឱ្យមានរបបខ្មែរក្រហមនេះវិលមកវិញទេព្រោះលំបាក ខ្លាំង ហើយគ្មានសាលារៀន វត្តអារាម ហើយសិទ្ធិសេរីភាពសព្វបែបយ៉ាងត្រូវបានលុបបំបាត់ រាប់ទាំងសិទ្ធិ សេរីភាពក្នុងការជ្រើសរើសគូស្រករជាដើម។ សិស្សានុសិស្សបានលើកឡើងថានៅក្នុងរបបខ្មែរក្រហមមាន តែការចាប់បង្ខំឱ្យធ្វើការងារ និងហូបមិនស្អែត ហើយកុមារគ្មានឱកាសចូលសាលារៀនឡើយ។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថាដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនៅសាលា ក្តីខ្មែរក្រហម និងនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯក នឹងធ្វើឱ្យយុវជនទាំងនេះកាន់តែមានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីរបបខ្មែរក្រហម ជាពិសេសបានយល់ដឹងថាតើហេតុអ្វី បានជាខ្មែរក្រហមបង្កើតមន្ទីរសន្តិសុខ និងកន្លែងវាលពិឃាតមនុស្ស ៕ សហការី

image5 image1 image2 image3 image4


ចែករំលែក៖