ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នង ការរងទទួលបន្ទុកប្រធានការិយាល័យកណ្តាលទេសចរណ៍ខេត្តព្រះសីហនុ បានយកសន្តិសុខក្រុមហ៊ុន ROYAL Group មកគំរាមកំហែង និងចូលមកធ្វើការកកាយរុះរើផ្ទះប្រជាពលរដ្ឋ និងបណ្តេញប្រជាពលរដ្ឋឲ្យញចេញពីដីរបស់ពួកគាត់ រស់នៅសព្វថ្ងៃ ព្រមទាំងព្រមានថា បើមិនចេញទេនោះ នឹងយកកម្លាំងសន្តិសុខក្រុមហ៊ុនមករុះរើផ្ទះចេញ និងយកប្រជាពលរដ្ឋយកទៅចោលកណ្តាលសមុទ្រ ។
ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ការគំរាមកំហែងបែបនេះ ជាការផ្គើនទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ បានឲ្យក្រុមការងារសុរិយោដីថ្នាក់ជាតិ ចុះកាត់ឈ្វៀលដីចែកជូនប្រជាពលរដ្ឋនៅសង្កាត់កោះរ៉ុង ។
លោកយាយ ជី វិល័យ ប្រជាពលរដ្ឋរងគ្រោះពីការគំរាម កំហែង និងចូលរើកកាយទ្រព្យសម្បត្តិពីសំណាក់លោកឧត្តមសេនីយ ណុប បញ្ញា ស្នងការរងខេត្តព្រះសីហនុ ដែលបណ្តេញប្រជាពលរដ្ឋចេញដោយខុសច្បាប់ និងគ្មានការ ចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្រុង ខេត្តដឹងឮ គឺប្រើកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន ROYAL Group មកធ្វើការបណ្តេញប្រជាពលរដ្ឋឲ្យចេញពីផ្ទះ ដែលពួកគាត់រស់នៅកាន់កាប់អាស្រ័យផលមានដូចជា ដូង ស្វាយចន្ទីរ ខ្នុរ ជា ដើម ។ ម្យ៉ាងទៀតលោកយាយបានបញ្ជាក់ថា ក្រុមគ្រួសារលោកយាយបានរស់នៅទីនេះតាំងពីឪពុក ម្តាយ តមករហូតមានកូន ពូនជាចៅថែមទៀតផង ក៏ប៉ុន្តែជំនាន់ប៉ុលពត ក្រុមគ្រួសារគាត់បានជម្លៀសចេញ ក្រោយថ្ងៃរំដោះឆ្នាំ១៩៩១ ក្រុមគ្រួសាររបស់លោកយាយបានមករស់នៅភូមិកំណើតរបស់គាតវិញ និងបានដាំដំណាំអាស្រ័យផលរហូតមកដល់សពថ្ងៃនេះ ។
រាជរដ្ឋាភិបាលកម្ពុជាបានចេញចរាចរកាត់ឈ្វៀលដីកោះ ចែកជូនប្រជាពលរដ្ឋឲ្យរស់នៅស្របច្បាប់ ដោយមានគណះកម្មការសុរិយោដីបានចុះមកវាស់វែង កំ ណត់ទីតាំងក្បាលដី ព្រំប្រទល់ដីរួចរាល់អស់ហើយ ស្រាប់ តែនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បែជាលោកស្នង ការរងណុប បញ្ញា ដឹកនាំកម្លាំងសន្តិសុខក្រុមហ៊ុន ROYAL Group មកបណ្តេញប្រជាពលរដ្ឋទៅវីញ ។
លោកយាយបានសំណូមពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយអន្តរាគមន៍ទប់ស្កាត់កុំឲ្យលោកស្នងការរងរូបនេះ យកអំណាចមកគំរាមកំហែងដេញប្រជាពលរដ្ឋស្លូតត្រង់ចេញស្រេចតែចិត្ត ដោយគ្មានលិខិតស្នាម និងគ្នានអាជ្ញាធរមូលដ្ឋានចូលរួមដឹងឮបែបនេះ ដើម្បីឲ្យប្រជាពលរដ្ឋតំបន់កោះរស់នៅដោយមានការធានាទទួលស្គាល់ពីរដ្ឋបាលឃុំ ក្រុង ខេត្ត ។
ដោយឡែកលោក កៅ ស៊ីថា ប្រជាពលរដ្ឋរងគ្រោះដោយ សារការគំរាមកំហែងពរបស់លោក ណុប បញ្ញា បានបញ្ជាក់ថា លោកបានមករស់នៅនិងកាន់កាប់ដីនេះជាង ២០ឆ្នាំមកហើយ ស្រាប់តែនៅព្រឹកមិញ មានលោកស្នងការរង ណុប បញ្ញា មកបណ្តេញពួកគាត់ឲ្យរុះរើផ្ទះចេញ ព្រមទាំងចូលឆែកឆេររុះរើក្នុងផ្ទះពួកគាត់ថែមទៀតផង បើមិនចេញនោះទេ គាត់នឹងយកកម្លាំងមកករុះរើ និងដឹកប្រជាពលរដ្ឋយកទៅចោលកណ្តាលសមុទ្រ ។
លោក អំពាវនាវសុំឲ្យសម្តេចតេជោជួយកូនចៅជាប្រជាពលរដ្ឋនៅតំបន់កោះ ស្ថិតនៅចំណុចចំការដូង ក្នុងភូមិសុខសាន្ត ឲ្យរស់នៅមានដីស្របច្បាប់តាមគណៈកម្មការសុរិយោដីបានចុះវាស់វែង និងកំណត់ព្រំក្បាល ដីរួចរាល់អស់ហើយ និងឈានទៅប្រកាសបិទផ្សាយជាសាធារណៈនៅពេលខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋតំបន់កោះរស់នៅស្របច្បាប់ ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសផង ។
ប្រជាពលរដ្ឋសំណូមពរលោកនាយឧត្តមេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យមន្ត្រីក្រោមឱវាទ ដែលយកតួនាទីបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋាន ដោយខុសពីតួនាទីរបស់ខ្លួន ជាមន្ត្រីនគរបាលបំរើរាស្ត្រ ។
ដោយឡែកចំពោះបញ្ហាការចោទប្រកាន់របស់ប្រជាពលរដ្ឋចំពោះឧត្តមសេនីយ៍ត្រី ណុប បញ្ញា មិនអាចសុំការបំភ្លឺតាមទូរសព្ទ័បានទេ ដោយសារទូរសព្ទ័របស់លោកតេចូល តែមិនព្រមទទួល ៕ ហេង សូរិយា