ភ្នំពេញ៖ អាជ្ញាធររាជធានីគ្រោងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់អាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ ក្រោយពីបុកស៊ីផាយនិងស្ថាបនាផ្លូវថ្មីលើផ្លូវដែកបន្តពីទំនប់ទួលគោក ដល់ផ្លូវR១០បឹងកក់ រួច។
នេះបើតាមការបញ្ជាក់ របស់លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោករួមនិងក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌទួលគោកបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញអាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីពន្យល់អោយពួកគាត់បានយល់ពីគម្រោងនេះ។
លោកប៉ា សុជាតិវង្ស បានលើកឡើងថា ការកសាងអាងស្តុបទឹកដើម្បីបូមទឹកចេញនៅស្ថានីយ៍បូមទឹកទួលគោក២ នេះជារឿងសំខាន់ណាស់ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវតែធ្វើមិនអាចមានស្ថានីយហើយ មិនមានទឹកបូមចេញបណ្តាលអោយលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ។ តាមពិតអាងស្តុបទឹករបស់យើងមានទំហំទទឹងរហូតដល់ទៅ៩០ម៉ែត្រចាប់ពីផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ តែបើយើងរក្សាអោយបាននូវអាងស្តុបទឹកនេះទាំងស្រុង នោះវានឹងធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋានដែលប្រជាពលរដ្ឋរំលោភនៅសាងខាងអាងស្តុបទឹកនេះជាច្រើនរយគ្រួសារ ។ ដូច្នេះទេ ដើម្បីកាត់បន្ថយការប៉ះពាល់ជាមួយប្រជាពលរដ្ឋនិងកុំអោយប្រជាពលរដ្ឋឈឺចាប់នោះរដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់អាងស្តុបទឹកនេះត្រឹមតែ៣១ទៅ៣៤ម៉ែត្រប៉ុណ្ណោះ ហើយក្រោយពីបុកស៊ីផាយរក្សាអាងស្តុបទឹកនេះរួច ចំណែកដីដែលនៅសល់រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោងនឹងសុំទៅរដ្ឋាភិបាលដើម្បីប្រគល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋនៅតំបន់នេះតែម្តង។
លោកបន្តថា ចំពោះផ្លូវដែកនៅខាងកើតអាងស្តុបទឹកនេះចាប់ពីទំនប់ទួលគោក ដល់ផ្លូវR១០ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោងនឹងស្ថាបនាផ្លូវថ្មីឡើងវិញផងដែរ ពោលគឺត្រូវរុះរើផ្លូវដែកចេញ កសាងជាផ្លូវបេតុងឡើងវិញ ដែលមានទំហំទទឹងប្រមាណ២០ម៉ែត្រ នៅពេលបញ្ចប់គម្រោងនេះ ដីដែលនៅសល់គឺរដ្ឋបាលរាជធានីភ្នំពេញនឹងសុំទៅរដ្ឋាភិបាលដើម្បីប្រគល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។នេះជាការដូរធំមួយដែលរដ្ឋបាលរាជធានីប្រគល់ជូនប្រជាពលរដ្ឋនៅតំបន់នេះ ពោលគឺ ពីដីដែលមិនស្របច្បាប់ទៅជាដីដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។ប៉ុន្តែអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានមកវិញនោះគឺការចូលរួមសហការពីប្រជាពលរដ្ឋ និងការចេញលុយថ្លៃបុកស៊ីផាយតាមទំហំដីរបស់ពួកគាត់រៀងៗខ្លួន ។
លើចំណុចនេះមានប្រជាពលរដ្ឋមួយចំនួនបានឯកភាពយល់ព្រមនិងមួយចំនួនទៀតដោយស្ថានភាពជីវភាពពួកគាត់មានកម្រិតនោះ ពួកគាត់ក៏បានសុំអោយរដ្ឋបាលរាជធានីភ្នំពេញជួយចេញជំនួសថ្លៃបុកស៊ីផាយនេះផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ជុំវិញបញ្ហានេះលោកប៉ា សុជាតិវង្ស បានជម្រុញអោយអាជ្ញាធរសង្កាត់បឹងកក់ទី១និងអាជ្ញាធរខណ្ឌទួលគោកត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋអោយបានច្បាស់ពីអ្នកដែលចូលរួមនិងអ្នកមិនមានលទ្ធភាពចូលរួម ។ តែលោកអភិបាលរាជធានីបញ្ជាក់ថា កិច្ចការងារនេះមិនអាចបណ្តែតបណ្តោយយូរតទៅទៀតថា ព្រោះការដ្ឋាននេះត្រូវបើកអោយបាននៅរដូវប្រាំងនេះ ដោយដល់ខែវស្សាមិនអាចធ្វើកើតនោះទេ។
លោកវុិត ដារិទ្ធ ចៅសង្កាត់បឹងកក់ទី១បានអោយដឹងផងដែរថា ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងអាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ មានចំនួនជាច្រើនរយគ្រួសារ ក្នុងនោះនៅប៉ែកខាងកើតអាងស្តុកទឹក លើបណ្តោយផ្លូវរថភ្លើងមានជាង២០០គ្រួសារនិងនៅប៉ែកខាងលិចមានប្រមាណជាង៣០គ្រួសារ ដែលភាគច្រើនជាមន្ត្រីរាជការដែលមានជីវភាពធូធាជាងអ្នករស់នៅខាងកើតអាងស្តុកទឹករបស់ស្ថានីយនេះ ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងលើផ្លូវដែកចាប់ពីគីឡូម៉ែត្រលេខ៦ មកដល់ទំនប់ទួលគោករួចហើយ ហើយជាទិសដៅបន្តរដ្ឋបាលរាជធានីនឹងបន្តបើកការដ្ឋាននេះចាប់ពីទំបន់ទួលគោកដល់ផ្លូវR១០ ៕ សំរិត