ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជាចោរវាយប្លន់យកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបង្រ្កាបចាប់ខ្លួនបាន នៅវេលាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំនុចគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បន្ទាប់ពីជនសង្ស័យរូបនេះ និងបក្ខពួកធ្វើសកម្មភាពប្រើល្បិចជួលម៉ូតូឌុបជិះយកទៅវាយប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ។
ករណីវាយប្លន់យកម៉ូតូនេះបានកើតឡើង កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចដីឡូត៍មួយកន្លែងរបស់ឈ្មោះ ឌួង បូរ៉ាត់ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ស្រស់ បញ្ញា ហៅតាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅក្រោមស្ពាន មិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ អូន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។ ជនរងគ្រោះឈ្មោះ គង់ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០បិតតែមឡើងស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1AV-2321 ។
ប្រភពដដែលបានបន្តថា នៅវេលារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបាននៅអង្គុយលើម៉ូតូរបស់ខ្លួនខាងមុខផ្ទះផ្ទះសំណាក់យីហោ “ម្ល៉េះ” ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈនោះស្រាប់តែជនសង្ស័យឈ្មោះ អូន បានដើរទៅជួលម៉ូតូឌុបជនរងគ្រោះជិះឆ្ពោះទៅផ្សារឃ្លាំងរំសេវ ស្ថិតក្នុងរាជធានីភ្នំពេញ ហើយជនរងគ្រោះក៏បានយល់ព្រមដឹកជនសង្ស័យទៅក្នុងតម្លៃ២០ដុល្លារ ។ ពេលជិះទៅដល់ផ្សារឃ្លាំងរំសេវជនសង្ស័យបានឲ្យជនរងគ្រោះឌុបចុះឡើងៗ ម្តងទៅនេះម្តងទៅនោះ ចុងក្រោយទើបឲ្យជនរងគ្រោះឌុបត្រឡប់មកក្រុងតាខ្មៅវិញ ។ ពេលជិះមកដល់គល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជនសង្ស័យបានឲ្យម៉ូតូឌុបឈប់យកបក្ខពួកម្នាក់ទៀត(ជនសង្ស័យឈ្មោះ ស្រស់ បញ្ញា ហៅតាក់) បន្ទាប់មកជនសង្ស័យទាំង២នាក់បានឲ្យជនរងគ្រោះឌុបទៅកាន់ចំណុចកើតហេតុខាងលើនេះ ។
ប្រភពដដែលបានបន្តទៀតថា ពេលទៅដល់ជនសង្ស័យបានប្រើល្បិចសុំខ្ចីម៉ូតូជនរងគ្រោះជិះទៅទិញស្រាបៀរយកមកផឹកជុំគ្នា ខណៈនោះជនរងគ្រោះក៏យល់ព្រមប្រគល់សោរម៉ូតូឲ្យជនសង្ស័យ ។ ភ្លាមៗនោះជនសង្ស័យទាំង២នាក់ក៏ស្ទុះចូលទៅដណ្តើមសោរម៉ូតូពីជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះមានការសង្ស័យក៏និយាយថា “ចាំខ្ញុំឌុបជូនទៅទិញ” ខណៈនោះក្រុមជនសង្ស័យបានដាល់ជនរងគ្រោះបណ្តាលឲ្យដួលទៅលើដី រួចដណ្តើមកូនសោរម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឲ្យជួយអន្តរាគមន៍រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈដែលជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួនរួមជាមួយម៉ូតូរបស់ជនរងគ្រោះ ។
ចំពោះជនសង្ស័យឈ្មោះ ស្រស់ បញ្ញា ហៅតាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅកសាងសំណុំរឿងពីបទ“លួចមានស្ថានទម្ងន់ទោស” បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ