ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើរដ្ឋបាលចាប់ខ្លួនបាន បន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនជាប់នឹងខ្លួន។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៤០នាទី ព្រឹក ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុច តំបន់សំណង់មិនរៀបរយ ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ពៅ លី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ ដកហូតបានថ្នាំញៀន១កញ្ចប់តូច , ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន រួមនិងដាវស៊ាំម៉ូរ៉ៃចំនួន១ផងដែរ។
មុននឹងឈានដល់ការចាប់ខ្លួនបាន ជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយ លោក ហួរម៉េងវ៉ាង អធិការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌមានជ័យ សហការជាមួយនិងអាជ្ញាធរខណ្ឌមានជ័យ រួមនិងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះធ្វើរដ្ឋបាលនៅចំណុចកើតហេតុខាងលើ ខណៈនោះក៏ត្រួតពិនិត្យទៅលើបន្ទប់ជួល ដែលជនសង្ស័យស្នាក់នៅ រកឃើញមានថ្នាំញៀន ឧបករណ៍សម្រាប់ប្រើប្រាស់ រួមនិងដាវស៊ាំម៉ូរ៉ៃ ទើបចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕ តាឡឹម

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច