ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជារស់នៅឃុំរស្មីសាមគ្គីបានសំដែងនូវការមិនពេញចិត្ត ចំពោះម្ចាស់ចំការអំពៅថាបានយកគ្រឿងចក្រចាប់អំពៅមកចាប់សត្វគោរបស់ពួកគាត់បោកសម្លាប់និងរបួសច្រើនក្បាលខណះដែលសត្វគោលចូលទៅក្នុងចំការអំពៅនោះ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋបានលើកឡើងថា មានសត្វគោអ្នកស្រុក ចំនួន៥ក្បាល បានងាប់ និងរបួសដោយសារតែ ខាងក្រុមហ៊ុនចំការអំពៅរបស់ជនជាតិវៀតណាម ម្នាក់ឈ្មោះ ជឿ បានយកគ្រឿងចក្រសំរាប់ចាប់អំពៅមកចាប់សត្វគោរបស់ពួកគាត់បោកសំលាប់យ៉ាងព្រៃផ្សៃបំផុត ។
លោកប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ប្រាប់តាមទូរស័ព្ទថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៤ និង ៤៥ នាទីស្ថិតនៅ ភូមិ សាមគ្គី ឃុំរស្មីសាមគ្គី ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកបន្តថា ម្ចាស់គោទី១ឈ្មោះ ជា សាត ភេទស្រី អាយុ ៥៧ឆ្នាំ បានងាប់សត្វគោ ១ ក្បាលរបួស១ក្បាល ។ ម្ចាស់ទី២ ឈ្មោះ សែម មឺន ភេទស្រីអាយុ ៥៦ ឆ្នាំបានងាប់សត្វគោ១ក្បាល របួស១ក្បាក។ ទី៣ម្ចាស់ឈ្មោះ អួក ណាង ភេទស្រីអាយុ ៣៥ ឆ្នាំបានងាប់សត្វគោ១ក្បាល។ ម្ចាស់ខាងលើទាំង៣នាក់នេះពួកគាត់រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកអធិការបានបញ្ជាក់ថា ករណីនេះប្រជាពលរដ្ឋជាម្ចាស់គោទាំងអស់បានដាក់ពាក្យបណ្តឹងទៅលោកអភិបាលស្រុកតាមរយៈឃុំដើម្បីអោយលោកអភិបាលស្រុកជួយចាត់ការកោះហៅជនជាតិវៀតណាម ដែលជាម្ចាស់ចំការអំពៅអោយចេញមុខទទួលស្គាល់ និងសងសំណងដល់ពួកគាត់ជាម្ចាស់គោផងដែរ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋរង គ្រោះជាម្ចាស់គោបានលើកឡើងថានេះមិនមែនជាលើកទី១ទេដែលម្ចាស់ចំការអំពៅ ប្រើវិធីសម្លាប់គោរបស់អ្នកស្រុកបែបនេះគ្រាន់តែគោចូលទៅក្នុងចំការអំពោរបស់គេ កាលណោះពួកគាត់បាននាំគ្នាដាក់ពាក្យបន្តឹងដែរតែហាក់បីដូចជាស្ងាត់ឈឹងរហូតមកដល់ថ្ងៃកើតរឿងនេះជាថ្មីម្តងទៀត។ក្រុមហ៑ុនមានរបងបន្លាលួសនិងមានសន្តិសុខយាមគ្រប់ពេលហើយបិទផ្លូវគ្រប់ច្រកមិនអោយអ្នកណាចេញចូលបានឡើយហេតុដូចម្តេចបានជាសត្វគោរបស់ពួកគាត់ចូលទៅក្នុងចំការអំពៅនោះអោយគេប្រើគ្រឿងចក្រចាប់បោកសម្លាប់ដោយងាយម្លេះ?
លោកមួង ធី អភិបាលស្រុកឱរ៉ាល់បានប្រាប់តាមទូរស័ព្ទថាករណីនេះម្ចាស់ចំការខឹងរឿសត្វគោចូលទៅសុីអំពៅរបស់គេវាច្រើនលើកមកហើយ ទើបកើតរឿងបែបនេះ ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក្រុមការងារស្រុក និងតំណាងក្រុមហ៑ុនភ្នំពេញស៑ូហ្គើនឹងចុះទៅជួបពលរដ្ឋម្ចាស់គោដើម្បីសិក្សារឿងសងសំណងដល់ពួកគាត់តាមតម្លៃទីផ្សារ។ ដោយចង់ដឹងពីមូលហេតុពិតអ្នកយកពត៌មានយើងបានសុំលេខទូរស័ព្ទលោកជឿពីលោកមួងធីតែលោកមិនបានប្រាប់ឡើយដោយលោកបានបញ្ជាក់ប្រាប់ជំនួសថាករណីនេះមិនមែនខាងក្រុមហ៑ុនយកគ្រឿងចក្រចាប់បោកសម្លាប់គោរបស់អ្នកស្រុកនោះឡើយគឺសត្វគោចូលទៅសុីអំពៅក្នុងចំការវាច្រើនពេកហើយអ្នកគ្រប់គ្រងបានបើកឡានដេញទើបគោផ្អើលរត់ចូលឡានក៏ត្រូវបុកងាប់បែបនេះតែម្តង។
ការលើកឡើងបែបនេះត្រូវបានពលរដ្ឋម្ចាស់គោបដិសេធហើយថាលោកមួងធីនិយាយកាន់ជើងខាងម្ចាស់ចំការអំពៅទាំងស្រុងនិយាយខុសការពិតដែលកើតឡើង។ ករណីនេះបើតាមមន្ត្រីនគរបាលស្រុកឱរ៉ាល់មួយរូបបានបង្ហើបថាការពិតសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវតាំងពីដំបូងម្លេះតែក្រោយមកមានបញ្ជាអោយដកវិញព្រោះមានអ្នកមានលុយនិងអំណាចប្រាប់ទៅខាងស្រុកថាចាំគាត់ចេញសំណងសងដល់ពលរដ្ឋម្ចាស់គោទាំងនោះ។អ្នកមានលុយនិងអំនាចនោះមិនត្រូវបានបង្ហើបថា ជាអ្នកណាឈ្មោះអីនៅឯណានោះទេ។
ប្រជាពលរដ្ឋសំណូមពរដល់អស់លោកសមត្ថកិច្ចស្រុកមេត្តាចាត់វិធានការអោយបានតឹងរឹុងបំផុតចំពោះម្ចាស់ក្រុមហ៑ុនខាងលើកុំអោយថ្ងៃក្តោយអាងអំណាចអ្នកមានលុយនៅពីក្រោយមកធ្វើសកម្មភាពសាហាវព្រៃផ្សៃលើសត្វពាហនៈរបស់អ្នកស្រុកទៀតរាល់ថ្ងៃអ្នកស្រុករស់នៅបានអាស្រ័យលើសត្វទាំងនេះជួយសំរួលដល់ការងារធ្វើស្រែចំការបើគ្មានសត្វគោទាំងនេះតើអោយពួកគាត់រំពឹងលើអ្វី។ ក្រុមម្ចាស់គោបានលើកឡើង ថាបើមានការសងសំណងមែន វាមិនបានដូចតម្លៃទីផ្សារនោះទេ ព្រោះករណីនេះកើតឡើងច្រើនដងមកហើយលើពួកគាត់ជាម្ចាស់គោ។
ទាក់ទងនឹងការលោកឡើងខាងលើនេះ អ្នកយកព័ត៍មានយើងមិនអាចសូមការបំភ្លឺពីលោក ជឿ ដែរ ជាម្ចាស់ចំការអំពៅ ខាងលើបាននៅឡើយទេ។ រង់ចំាមើលថាតើអាជ្ញាធរស្រុកនិងម្ចាស់ក្រុមហ៊ុនដោះស្រាយជាមួយប្រជាពលរដ្ឋយ៉ាងណាទៅ៕ សេនា សក្តិ