ខេត្តសៀមរាប៖ កាលពីវេលាម៉ោង២២ និង៤០នាទីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ រថយន្តLEXUS RX300 មួយគ្រឿងបានផ្ទុះកង់មុខផ្នែកខាងស្ដាំ ហើយក្រឡាប់ធ្លាក់ពីលើថ្នល់ជាតិលេខ៦ បណ្តាលឱ្យរងរបួសស្រាល៣នាក់ ស្ថិតនៅក្នុងភូមិគីឡូតាឈឹម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ថា រថយន្តដែលក្រឡាប់ធ្លាក់ពីលើផ្លូវជាតិលេខ៦ ម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q:6958 បើកបរដោយឈ្មោះ សយ ស្រីល័ក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងអ្នករួមដំណើរ២នាក់ទៀត ១-ឈ្មោះវុធ ដាលីន ភេទស្រី អាយុ៣០ឆ្នាំ និង២-ឈ្មោះ សែម ដាវិត ភេទស្រី អាយុ២៩ឆ្នាំ អ្នកទាំង០៣នាក់រស់នៅភូមិឃុំជាមួយគ្នា ជនរងគ្រោះទាំង០៣នាក់ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមភ្លាមៗផងដែរ។
មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះដោយសាររថយន្តផ្ទុះកង់មុខផ្នែកខាងស្ដាំ ទើបធ្វើឱ្យរថយន្តក្រឡាប់ធ្លាក់ពីលើថ្នល់ជាតិលេខ៦ ខូចខាតយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង រង់ចាំម្ចាស់មកទទួលយក៕ ប៊ុន រិទ្ធី