ភ្នំពេញ៖ ស្រ្តីរងគ្រោះម្នាក់ ត្រូវបុរសម្នាក់ទៀតយកកូនកាំបិតប៉ងចាក់សម្លាប់ ដោយមិនដឹងមូលហេតុ តែមិនបានដូចចិត្ត ព្រោះត្រូវអ្នកជិតខាងរត់ទៅជួយទាន់ ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្រ្តីរងគ្រោះមានឈ្មោះ អ៊ឹម ស្រីម៉ៅ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្រងែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ជនសង្ស័យមានឈ្មោះ ឆេង លី ជាអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន K-cement ស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា។
ស្រ្តីរងគ្រោះបាននិយាយថា ខ្លួននិងជនដៃដល់ ជាអ្នកក្បែរខាងគ្នា ហើយកន្លងមកមិនដែលមានទំនាស់នឹងគ្នាទាល់តែសោះ ប៉ុន្តែមិនដឹងថាជននោះខឹង ឬមានគំនុំអ្វីជាមួយខ្លួនតាំងពីពេលណាមកទេ ទើបបានជាវាយធ្វើបាប និងប៉ងសម្លាប់ខ្លួនបែបនេះ។
នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានបោសសម្អាតផ្ទះ ស្រាប់តែជននោះស្រែកឡូឡាដាក់នាង ហើយបានទាញអំបោស មកវាយលើរូបនាងទាំងកម្រោលដោយមិនដឹងមូលហេតុ បន្ទាប់មកជននោះ បានទាញយកកូនកាំបិតប៉ងចាក់សម្លាប់នាងទៀត ប៉ុន្តែបានអ្នកជិតខាងជួយទាន់។ ក្រោយពីមានការភ្ញាក់ផ្អើល ជនបង្កបានបើករថយន្តម៉ាកវីហ្គោគេចខ្លួនបាត់ ព្រមទាំងបានគម្រាម តាមទូរស័ព្ទថា ទោះនាងទៅដល់ទីណា ក៏តាមសម្លាប់នាងចោលដែរ និងគម្រាមថានឹងដាក់ពាក្យប្ដឹង នាងទៀតផង។
នគរបាលបានឲ្យដឹងថា ក្រោយពេលទទួលរងទារុណកម្ម និងការប៉ុនប៉ងចាក់សម្លាប់ ពីសំណាក់ជនដៃដល់ខាងលើរួចមក ស្ដ្រីរងគ្រោះ បានទូរស័ព្ទសុំអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ហើយកម្លាំងនគរបាលក៏បានចុះទៅភ្លាមៗ ប៉ុន្តែជននោះ បានគេចខ្លួនបាត់។
មន្រ្តីដដែលបានបញ្ជាក់ថា ទោះបីជាយ៉ាងណា កម្លាំងនគរបាលនឹងតាមចាប់ជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបាន ពោលជនបង្កនោះ មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។ លុះរហូតដល់វេលាម៉ោង០០និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ទើបជនខាងលើចូលមកបន្ទប់វិញ ហើយជនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ។
នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពថា រួបគាត់បានយកកាំបិទចិត្តបន្លែមកគម្រាមសម្លាប់នារីរងគ្រោះពិតប្រាកដមែន។ ក្រោយមជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ