ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វិស័យសុខាភិបាល ជាវិស័យអាទិភាពដែលទាក់ទងទៅនឹងសុខុមាលភាពរបស់ជីវភាពប្រជាពលរដ្ឋផ្ទាល់ ។
ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមណ្ឌលសុខភាពចាក់អង្រែក្រោម កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ លោកអភិបាលរាជធានីភ្នំពេញ បានចោទសួរថាតើ ប្រជាជនយើងណាមួយដែលគេចផុតពីជំងឺ? លោកបានបញ្ជាក់ថា នរណាក៏ត្រូវការពេទ្យដើម្បីព្យាបាលជំងឺ ហើយយើងក៏ត្រូវការពេទ្យដើម្បីការពារកុំឲ្យកើតជំងឺ ដូច្នេះតួនាទីរបស់មន្ទីរសុខាភិបាលរាជធានី បានខិតខំកសាងធនធានមនុស្សពេទ្យ វិស័យពេទ្យ ដើម្បីឲ្យចេះព្យាបាល ចេះវះកាត់ និងចេះការពារបន្ថែមទៀត ដែលគេហៅថា ការពារប្រសើរជាងព្យាបាល ។ ពេទ្យបានចេញការអប់រំទៅដល់ប្រជាពលរដ្ឋ ចេះថែទាំសុខភាព ការពារកុំជំងឺរោគឆ្លងផ្សេងៗ ដូចជាជំងឺអេដស៍ ជំងឺរបេង ជាពិសេសការពារកុមារកុំកើតមានជំងឺឆ្លងផ្សេងៗជាមុខ ដូចជា កញ្ជ្រិល អុតស្វាយ ដូច្នេះត្រូវតែចាក់ថ្នាំការពារដែលក្រសួងសុខាភិបាលមាន ព្រោះសេវាចាក់ថ្នាំបង្ការនិងការពារដល់កុមារនេះ ពិតជាមានសារសំខាន់ណាស់ដល់ប្រជាពលរដ្ឋគ្រប់រូប។
លោកអភិបាលបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាព ហើយបានវិភាជថវិកាពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើងរហូត ទន្ទឹមទៅនឹងការកាត់បន្ថយថវិកានៃវិស័យការពារប្រទេសនិងវិស័យផ្សេងទៀត ឲ្យរួមតូចដើម្បីរំលែកថវិកានេះបុកចូលមកវិស័យសុខាភិបាល ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានខិតខំ ដែលជាគោលនយោបាយ ជាកម្មវិធីនយោបាយ ជាកំណែទម្រង់ដែលមានការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចតេជោហ៊ុនសែន។
លោកអភិបាលរាជធានី ក៏បានផ្ញើសារទៅគ្រប់មណ្ឌលសុខភាពនៅរាជធានីភ្នំពេញទាំង៣៩ សូមធ្វើការពិនិត្យមណ្ឌលសុខភាពរបស់ខ្លួនឲ្យបានល្អ ត្រូវទាក់ទងជាមួយអាជ្ញាធរខណ្ឌ ដើម្បីឲ្យការិយាល័យភូមិបាលខណ្ឌចុះទៅវាស់វែង ហើយធ្វើប្លង់កម្មសិទ្ធិរដ្ឋ ចុះបញ្ជីឲ្យបានត្រឹមត្រូវ ចៀសវាងការរំលោភយកដីរដ្ឋ ដូចនាពេលកន្លងមក។
លោកបានថ្លែងថា ដើម្បីឲ្យដើរទាន់សម័យកាលទំនើបនោះ ត្រូវតែបំពាក់នូវឧករណ៍ទំនើបនិងទាន់សម័យ តាមបច្ចេក វិទ្យាសម័យថ្មី ទៅដល់មន្ទីរពេទ្យក្រុង ឲ្យស្របទៅតាមការរីកចម្រើនរបស់ប្រទេសជាតិ។ បើតាមការឲ្យដឹងពីលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី បានបញ្ជាក់ប្រាប់លោកអភិបាលរាជធានីភ្នំពេញ ម៉ាស៊ីនទំនើបដែលត្រូវទិញសម្រាប់បំពាក់ដល់មន្ទីរពេទ្យក្រុងនោះ មានបីប្រភេទក្នុងទំហំទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ ដូចជាម៉ាស៊ីនពិនិត្យគ្រាប់ឈាម ម៉ាស៊ីនពិនិត្យអង់ស៊ីមជំងឺ និងម៉ាស៊ីនពិនិត្យជំងឺកោសិកាកាច។ ជាមួយគ្នានោះ លោកអភិបាលបានឆ្លើយតបទៅនឹងសំណើរបស់ប្រធានមន្ទីរសុខាភិបាលថា “ខ្ញុំពេញចិត្តនឹងសំណើនេះ និងទទួលយក ហើយយើងត្រូវតែបំពាក់ឧករណ៍ដ៏ទំនើបដល់មន្ទីរពេទ្យក្រុង ហើយនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពជាច្រើនទៀតក៏ទាមទារឲ្យយើងត្រូវបំពាក់ផងដែរ ទៅការលទ្ធភាពក្នុងការព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ”។
ការបំពាក់ឧបករណ៍សម្ភារៈនៅមន្ទីរពេទ្យរដ្ឋនិងឯកជន ហេតុអ្វីមិនដូចគ្នា ដោយសារតែមន្ទីរពេទ្យរដ្ឋ ធ្វើទៅតាមលទ្ធភាព ដោយការប្រមូលពន្ធបាន ទើបមានលទ្ធភាពទិញឧបករណ៍សម្ភារៈទំនើបបំពាក់ឲ្យមន្ទីរពេទ្យរដ្ឋ ចំណែកវិស័យឯកជន គឺគេមានលុយ ហើយគេទិញឧបករណ៍សម្ភារៈទំនើបៗបំពាក់តែម្តង៕ សំរិត