ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភកូនស្រីហើយប៉ុនប៉ងសម្លាប់ឪពុកនាងចោលទៀតសង្ស័យរឿងគំនុំសងលុយ

ចែករំលែក៖

 

ខេត្តកំពត៖ បុរសម្នាក់ត្រូវជនសង្ស័យ៤នាក់ប៉ុនប៉ងវាយ កាប់ សម្លាប់យ៉ាងព្រៃផ្សៃ រួចនាំគ្នាគេចខ្លួនចេញពីភូមិបាត់អស់។ ករណីនេះគេសង្ស័យថា ក្រុមជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ មានគំនុំជាមួយជនរងគ្រោះដែលមានផ្ទះនៅជាប់គ្នា ហើយកន្លងទៅជនសង្ស័យបានចាប់រំលោភកូនស្រីជនរងគ្រោះរួចត្រូវបានសងសំណងដែលធ្វើឲ្យជនសង្ស័យមិនសប្បាយចិត្ត ទើបមានការប៉ុនប៉ងសម្លាប់ឪពុកបំបិទមាត់។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា ករណីប៉ុនប៉ងមនុស្សឃាតដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិតូច ឃុំក្រាំង ស្រុកឈូក ខេត្តកំពត។

តាមអ្នកភូមិឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនដៃដល់ប៉ងសម្លាប់ឈ្មោះ អៃ ថា អាយុ៥៦ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ។ ចំណែកជនសង្ស័យដែលមានផ្ទះនៅជាប់នឹងជនរងគ្រោះក្រោយពីប៉ុនប៉ងសម្លាប់ជនរងគ្រោះមិនបានសម្រេច រួចគេចខ្លួនមានឈ្មោះ ង៉ែត ទីត្រ និងបក្ខពួក៣នាក់ទៀតឈ្មោះ សុខ សន, ឃឿន និងឈ្មោះ ធី វណ្ណៈ រស់នៅភូមិ-ឃុំជាមួយគ្នា។

អ្នកភូមិបានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ែត ទីត្រ បាននាំបក្ខពួក៣នាក់ដែលមានឈ្មោះដូចខាងលើ មកអង្គុយផឹកសុីនៅផ្ទះរបស់ខ្លួនដែលជាប់របងនឹងផ្ទះរបស់ជនរងគ្រោះ ហើយនៅពេលស្រវឹង ជនសង្ស័យ និងបក្ខពួកបាននិយាយឌឺដងទៅជនរងគ្រោះទាក់ទិននឹងការចាប់រំលោភកូនស្រីជនរងគ្រោះរួចបង់លុយ។ គ្រានោះក្រុមជនដៃដល់ក៏បាននាំគ្នាសម្រុកវាយជនរងគ្រោះដោយដំបងជ្រុង និងប្រើពូថៅកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសសន្លប់ស្ដូកស្តឹង និងបាក់ធ្មេញគ្មានសល់ទាំងយប់ ហើយក៏នាំគ្នាគេចខ្លួនបាត់អស់។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ ហើយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ប្រពន្ធជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងចូលទៅនគរបាលប៉ុស្តិ៍ដើម្បីស្វែងរកយុត្តិធម៌ខណៈដែលក្រុមបង្ករត់គេចខ្លួនចេញពីភូមិ។

តាមមន្រ្តីនគរបាលប៉ុស្តិ៍ក្រាំងស្នាយបានឲ្យដឹងកាលពីថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ថា ក្រោយពីមានករណីនេះកើតឡើង និងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានកោះហៅក្រុមគ្រួសារជនសង្ស័យឈ្មោះ ង៉ែត ទីត្យ មកសម្រួល ហើយក្រុមគ្រួសារជនសង្ស័យបានយល់ព្រមផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះចំនួន១លានរៀល។ ក៏ប៉ុន្តែ ក្រុមគ្រួសារជនរងគ្រោះបដិសេធមិនទទួលយកនោះទេ ដោយសារថា ជនរងគ្រោះមានរបួសស្ទើរស្លាប់រស់ទៅហើយ។ ដោយសារតែមិនមានដំណោះស្រាយសំណុំរឿងប៉ុនប៉ងមនុស្សឃាតនេះ ត្រូវបាននគរបាលប៉ុស្តិ៍បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឈូកដើម្បីចាត់ការបន្ត។

ករណីដដែលនេះនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នគរវត្តមិនអាចទាក់ទងអធិការស្រុកឈូកបានទេថាតើសមត្ថកិច្ចដោះស្រាយយ៉ាងណា និងតាមចាប់ខ្លួនក្រុមជនដៃដល់បានហើយឬនៅ? ខណៈដែលអ្នកច្បាប់បានលើកឡើងថា បើទោះជាក្រុមគ្រួសារជនដដៃដល់មានសំណងសមរម្យត្រូវបានក្រុមគ្រួសារជនរងគ្រោះទទួលយកក្តី ក៏ជនដៃដល់មិនអាចរំលត់បណ្តឹងអាជ្ញារបានដែរ។ មានន័យថា សមត្ថកិច្ចនៅតែតាមចាប់ខ្លួនជនដដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់ក្នុងបទពាក់ព័ន្ធប៉ុនប៉ងមនុស្សឃាតលើជនរងគ្រោះនេះ។

ទាក់ទិននឹងករណីខាងលើនេះដែរ តាមប្រពន្ធជនរងគ្រោះប្រាប់ឲ្យដឹងថា កាលពីអំឡុងខែកក្ដដា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ង៉ែត ទីត្យ មានរបងផ្ទះនៅជាប់គ្នា បានចាប់រំលោភកូនស្រីរបស់គាត់ ហើយមានរឿងក្តីក្តាំងអូសបន្លាយជាច្រើនខែ តែក្រោយមកត្រូវបានសម្រុះសម្រួលដោយជនសង្ស័យខាងលើនេះបានសងប្រាក់ជាជំងឺចិត្តដល់ការរំលោភលើកូនស្រីរបស់កូនគាត់ចំនួន២លាន៦០មុឺនរៀល។ ដូច្ចេះករណីដែលជនសង្ស័យ និងបក្ខពួកនាំគ្នាមកផឹកសុីនៅផ្ទះ រួចប៉ុនប៉ងសម្លាប់ប្តីរបស់គាត់នេះសង្ស័យថាជនសង្ស័យចង់បន្ធូកំហឹងរឿងចាញ់ក្តីសងជំងឺចិត្តនៃការរំលោភកូនស្រីរបស់គាត់។

ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា ករណីខាងលើនេះលោកពុំទាន់ប្រាកដថាផ្តើមចេញពីរឿងអ្វីនោះទេ ក៏ប៉ុន្តែលោកបាននឹងកំពុងឲ្យកូនចៅសើុបអង្កេតលម្អិតករណីខាងលើនេះហើយ ហើយបើមានព័ត៌មានបន្ថែមលោកនឹងប្រាប់នៅពេលក្រោយ។

ពាក់ព័ន្ធនឹងរឿងនេះ នគរវត្តមិនអាចរកការបំភ្លឺពីក្រុមគ្រួសារជនសង្ស័យបានទេនៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ តបនឹងការចោទប្រកាន់របស់ក្រុមគ្រួសារជនរងគ្រោះ៕ ឡូ សំអាត

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖