ពលរដ្ឋឥណ្ឌូនេស៊ីភាគច្រើនបាត់បង់ ជំនឿចិត្តលើតុលាការរដ្ឋធម្មនុញ្ញប្រទេសនេះក្រោយពេលមានចៅក្រមមួយរូបទៀតត្រូវបានចាប់ខ្លួនពីបទពុករលួយ។
កាលពីពីរសប្តាហ៍កន្លងមកគណៈកម្មាធិការប្រឆាំងអំពើពុករលួយ KPK របស់ ឥណ្ឌូនេស៊ីបានចាប់ខ្លួនចៅក្រម Patrialis Akbar និងមនុស្ស៣នាក់ទៀតពាក់ព័ន្ធនឹងអំពើពុករលួយ។ សារព័ត៌មាន Jakarta post បានដកស្រង់សម្តីអនុប្រធាន KPK លោកស្រី Basaria Panjaitan បញ្ជាក់ថា លោក Akbar រងការសង្ស័យថាបានទទួលសំណូកជិត២សែនដុល្លារពីក្រុមហ៊ុននាំ ចូលសាច់គោ។ ក្រុមហ៊ុនខាងលើសង្ឃឹម ថា ចៅក្រមខាងលើនឹងមានឥទ្ធិពលទៅលើវិស័យកសិកម្មដើម្បីនាំមកនូវផល ប្រយោជន៍ដល់ក្រុមហ៊ុន។
សារព័ត៌មាន South China Morning Post បានផ្សាយថា ចៅក្រម Akbar រងការ ចោទប្រកាន់ទទួលសំណូក ហើយអនុញ្ញាត ឲ្យនាំចូលសត្វពីប្រទេសដែលកំពុងតែមាន ជំងឺឆ្លង។ ក្រោយលោក Akbar ត្រូវបាន ចាប់ខ្លួនសារព័ត៌មាន Tempo បានផ្សាយ ថា អំពើពុករលួយរបស់ចៅក្រមខាងលើគឺជាគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។
លោក Hifdzil Alim អ្នកឯកទេសមកពីមជ្ឈមណ្ឌលស្រាវជ្រាវប្រឆាំងអំពើពុក រលួយមកពីសាកលវិទ្យាល័យ Gadjah Mada ឥណ្ឌូនេស៊ីបានបញ្ជាក់ថា «ហេតុ ការណ៍ខាងលើបានធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុជាតិ និងបង្ក គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ»។
លោក Akbar ត្រូវបានអតីតប្រធានា ធិបតី Susilo Banbang Yudhoyono តែងតាំងចូលក្នុងតុលាការរដ្ឋធម្មនុញ្ញនៅឆ្នាំ ២០១៣ បើទោះបីមានការប្រឆាំងពីមន្ត្រីជាច្រើនក្តី។ នៅពេលដែលលោក Akbar នៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងអំឡុងឆ្នាំ២០០៩ដល់ឆ្នាំ២០១១ លោកធ្លាប់បានសម្រាលទោសដល់មន្ត្រី ពុករលួយជាច្រើន។
អំពើពុករលួយនៅក្នុងថ្នាក់ដឹកនាំកំពូល បានធ្វើឲ្យពលរដ្ឋឥណ្ឌូនេស៊ីបាត់បង់ជំនឿចិត្តទៅលើថ្នាក់ដឹកនាំ និងបង្កឲ្យមានវិបត្តិ រដ្ឋធម្មនុញ្ញក្រោយមន្ត្រីជាន់ខ្ពស់ជាអ្នក ទទួលខុសត្រូវកាត់ក្តីរដ្ឋធម្មនុញ្ញក៏ជាប់ ពាក់ព័ន្ធនឹងអំពើពុករលួយដែរ។
ចំពោះស្ថានភាពខាងលើបណ្តាញព័ត៌ មាន Tempo បានអំពាវនាវដល់រដ្ឋាភិបាល ឥណ្ឌូនេស៊ីរឹតបន្តឹងច្បាប់ក្នុងការតែងតាំងតុលាការត្រូវតែមានភាពស្មោះត្រង់។ រដ្ឋាភិបាលបានសម្រេចជ្រើសរើសចៅក្រមដោយមិនជាប់ពាក់ព័ន្ធនឹងគណបក្ស នយោបាយណាមួយឡើយឬបានចាក ចេញពីគណបក្សនយោបាយយ៉ាងតិច៧ឆ្នាំទើបអាចកាន់តំណែងសំខាន់ខាងលើបាន៕ ម៉ែវ សាធី
តុលាការធម្មនុញ្ញឥណ្ឌូនេស៊ី