ភ្នំពេញ៖ លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធាnគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ទិវារត់ប្រណាំងដើម្បីក្តីស្រឡាញ់ ព្រោះយើងមានគោលបំណងចង់ផ្លាស់ប្តូរផ្នត់គំនិតយុវជន ក្នុងថ្ងៃ១៤ កុម្ភៈ ពីជូនបាច់ផ្កាដល់ដៃគូ ឬអ្នកដែលខ្លួនស្រឡាញ់ ជំនួសដោយការលេងកីឡា និងកុំឲ្យយុវវ័យវង្វេងវប្បធម៌១៤ កុម្ភៈថា វប្បធម៌របស់ខ្លួន តាមពិតថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលជាវប្បធម៌បរទេសនោះ ។ លោកស្រីមានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី “ទិវារត់ប្រណាំងដើម្បីក្តីស្រឡាញ់” នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកស្រី ម៉ក់ វណ្ណស៊ីថា មានប្រសាសន៍ថា រយៈពេល៣ឆ្នាំហើយ ដែលគណៈកម្មការស្ត្រី និងកីឡា សហការជាមួយ NOCC និងដៃគូពាក់ព័ន្ធនានា ដើម្បីប្រារព្ធទិវារត់ប្រណាំងដើម្បីសេចក្តីស្រឡាញ់នេះឡើង ក្នុងគោលបំណងចង់ផ្លាស់ប្តូរផ្នត់គំនិតយុវវ័យសម័យថ្មី បំភ្លេចចោល “បុណ្យក្តីស្រឡាញ់” ដែលមិនមែនជាវប្បធម៌របស់ខ្លួន ផ្ទុយទៅវិញ បានជះឥទ្ធិពលអាក្រក់មកសង្គមកម្ពុជាយ៉ាងធ្ងន់ ។
យុទ្ធនាការកែប្រែឥរិយាបទយុវវ័យតាមរយៈការលេងកីឡា ចង់ឲ្យយុវជនបំភ្លេចចោលថ្ងៃ១៤ កុម្ភៈពីការជូនផ្កា កាដូ ឬវត្ថុផ្សេងៗដល់ដៃគូ ឬគូស្នេហ៍ដើម្បីបញ្ជាក់ពីការស្រឡាញ់។ ទង្វើបែបនេះ បានជះឥទ្ធិពលដល់សង្គមជាតិយ៉ាងធ្ងន់ ពិសេសវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង ។
លោកស្រីបានបញ្ជាក់ថា ដើម្បីប្តូរឥរិយាបទយុវជនយើងទៅបាន ត្រូវតែមានការចូលរួមចំណែកពីអាណាព្យាបាលដោយមិនអាចខ្វះបាន។ ដូច្នេះសូមមាតាបិតាទាំងអស់ជំរុញកូនចៅរបស់ខ្លួនឲ្យពួកគេ ងាកមកលេងកីឡា ឬចូលរួមទិវារត់ប្រណាំងដើម្បីសេចក្តីស្រឡាញ់ ដែលរៀបចំដោយគណៈកម្មការស្ត្រី និងកីឡា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកោះពេជ្រ។
លោកស្រីបន្តថា យើងព្យាយាមកែប្រែសកម្មភាពមួយចំនួនដើម្បីកុំឲ្យពួកគេជ្រុលខ្លួនកាន់តែជ្រៅទៅ ក្នុងការភ័ណ្ឌច្រឡំកាន់ខ្លាំងឡើងចំពោះបុណ្យក្តីស្រឡាញ់នេះ បើទោះបីព្រឹត្តិការណ៍រត់ប្រណាំងដើម្បីក្តីស្រឡាញ់មិនបានសង្កត់ធ្ងន់ទៅលើចំណាត់ថ្នាក់ក៏ពិតមែនដោយផ្តោតទៅលើការចូលរួម និង កែប្រែចរិកយុវវ័យរបស់យើងតែប៉ុណ្ណោះ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ វិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ យុវជនអាយុក្រោម១៧ឆ្នាំ រត់ចម្ងាយ៥គីឡូម៉ែត្រ អាយុ១៨ឆ្នាំឡើងដើរចងជើងជាគូចម្ងាយ២០០ម៉ែត្រ និង១០០ម៉ែត្រ កៀបប៉េងប៉ោង។
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ មានយុវវ័យជាង២.០០០នាក់ហើយបានមកចុះឈ្មោះចូលរួមរត់ ក្នុងតម្លៃ១២០០០រៀលនិង២ម៉ឺនរៀល ។ វាជាឱកាសយកពេលទំនេរលេងកីឡាដើម្បីសុខភាព ផ្លាស់ប្ដូរឥរិយាបទយុវវ័យ និងប្រមូលថវិកាយកទៅទិញសម្ភារៈកីឡាជួយដល់សាលាដែលខ្សត់ខ្សោយនានានៅទូទាំងប្រទេសផងដែរ ។
គួរបញ្ជាក់ថា សម្រាប់វិញ្ញាសារត់៥គីឡូម៉ែត្រ មានរត់ឆ្លងកាត់ចំណុចអាថ៌កំបាំង ដែលគណៈកម្មការរៀបចំការ ប្រកួត និងម្ចាស់ឧបត្ថម្ភរៀបចំឡើង ។ អ្វីដែលជាអាថ៌កំបាំងនាពេលនោះ គឺនៅចំណុចក្រុមកីឡាករ កីឡាការិនីរត់ឆ្លងកាត់ និងមានការប៉ាតម្សៅ ការចាប់រង្វាន់ផ្សងសំណាង និង ល្បែងផ្សេងៗ ជាច្រើនទៀតដែលក្រុមSmartរៀបចំឡើង។ ចំពោះវិញ្ញាសា២០០ម៉ែត្រចងជើង និង ១០០ម៉ែត្រកៀបប៉េងប៉ោង ក្បាលទល់ក្បាលនោះគឺជាការលេង កំសាន្តសុទ្ធសាធ ៕ សារីម