ខេត្តកំពង់ធំ៖ អគ្គីភ័យបានឆាបឆេះផ្ទះគ្រូទាយម្នាក់ ឆេះទាំងស្រុង កាលពីព្រឹកវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បណ្ដាលមកពីភ្លើងទៀននៅកន្លែងអាសនៈ ។
លោកវរសេនីយ៍ត្រី អៀត គឹមអ័ន អធិការរងនគរបាលស្រុកប្រាសាទបល្ល័ង្កបាន ប្រាប់អោយដឹងក្រោយពីសួរនាំម្ចាស់ផ្ទះខាងលើ ឈ្មោះ ភោក ផេក ភេទស្រី អាយុ៥១ឆ្នាំ មានមុខរបរជាគ្រូទាយ ប្តីឈ្មោះ សេង ហាប អាយុ៥២ឆ្នាំ ។ ម្ចាស់ផ្ទះរងគ្រោះបានបញ្ជាក់ថា នៅព្រឹកថ្ងៃកើតហេតុ ក្រោយពីទស្សន៍ទាយឲ្យភ្ញៀវរួច រូបគាត់បានចុះដើរទៅផ្ទះអ្នកជិតខាង ដោយមិនបានពន្លត់ភ្លើងទៀននៅមុខអាសនៈគ្រូឡើយ ទើបបណ្តាលឲ្យឆេះផ្ទះបែបនេះ ។
ប្រភពបន្តថា អគ្គីភ័យនេះបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមាន៖ ផ្ទះឈើ ប្រក់ក្បឿងមាន ទំហំ ៥.៦ម៉ែត្រគុណ១២ ម៉ែត្រ ខ្សែកមាស២ខ្សែ ទំងន់១តំឡឹង៤ជី ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី ខ្សែកផ្លាទីន១ខ្សែទម្ងន់៥ជី លុយ៤,០៥០,០០០រៀល (បួនលានប្រាំម៉ឺនរៀល) គ្រឿងសង្ហារឹម សរុបថវិកាស្មើនឹងចំនួន៤ពាន់ដុល្លារ(បួនពាន់ដុល្លា) និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត៕ ប៊ុន រិទ្ធី