ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥កើត ខែ មាឃ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ មាឃបូជា ដែលប្រារព្ធធ្វើឡើងនៅបរិវេណព្រះសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ (ភ្នំ ឧដុង្គ) ដែលស្ថិតនៅស្រុកពញាឮ ខេត្ត កណ្តាល ដោយមានការអញ្ជើញចូលរួមពី សំណាក់លោក លោកស្រី ដែលជា សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតដែលកាន់ព្រះ ពុទ្ធសាសនា មន្ត្រីរាជការ និងពុទ្ធបរិស័ទ ជាច្រើននាក់ ។
សូមជម្រាបថា បុណ្យមាឃបូជា គឺជា បុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារ ដែលបានប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែមាឃ ដែលជាថ្ងៃអភិលក្ខិតកាលធំមួយនៅវេលាមុនពុទ្ធសករាជ៣ខែ គឺព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រជុំសាវ័ក ហើយទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គថាថ្ងៃពេញបូណ៌មីខែពិសាខខាងមុខនេះតថាគតនឹងបរិនិព្វានហើយ ។ មួយទៀតជាការរំឭក ដល់សាវកសន្និបាត (ការប្រជុំសាវ័ក) នៃ ព្រះសម្ពុទ្ធ ដែលហៅថា ចតុរង្គសន្និបាត (ការប្រជុំមានអង្គ៤) ហើយព្រះអង្គួទ្រង់ត្រាស់សម្តែងឱវាទប្បាតិមោក្ខនៅក្នុងថ្ងៃពេញបូណ៌មី ខែមាឃនេះដែរ ទើបពុទ្ធមាមកជនប្រារព្ធពិធីបុណ្យ មាឃបូជារហូតដល់ សព្វថ្ងៃ ៕ ហេង នរិន្ទ្រ