ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅ ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាបបានយកស្បែកគោឆ្លាក់រូបចម្លាក់ជាច្រើនប្រភេទ សម្រាប់លក់ឲ្យភ្ញៀវ ទេសចរបរទេសដើម្បីរកកម្រៃបន្ទាប់ពីធ្វើស្រែចម្ការ ហើយបច្ចុប្បន្នហាងលក់វត្ថុ អនុស្សាវរីយ៍ដ៏តូចមួយនេះកំពុងទាក់ទាញ ភ្ញៀវទេសចរនៅក្នុងតំបន់ប្រាសាទព្រះគោ។
បច្ចុប្បន្ន ចម្លាក់ស្បែកដែលជាសិល្បៈ របស់ខ្មែរដ៏យូរលង់មកហើយស្ទើរតែបាត់ បង់រលត់សូន្យទាំងស្រុង ដោយសារតែ បច្ចេកវិទ្យាសម័យទំនើបបានទាក់ទាញ អារម្មណ៍មនុស្សខ្មែរជំនាន់ក្រោយឱ្យងាក ទៅរកនិងប្រើប្រាស់សម្ភារដ៏ទាន់សម័យនោះវិញ ។
លោក សេរី រតនាម្ចាស់ហាងចម្លាក់អនុស្សាវរីយ៍ធ្វើពីស្បែកគោបានរៀបរាប់ប្រាប់ ឱ្យដឹងនៅព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ថាហាងនេះ កាលពីដើមឡើយ គឺលោក បើកសម្រាប់រកកម្រៃ ចិញ្ចឹមជីវិតប៉ុណ្ណោះ ពីព្រោះតែកាលពីលោកអាយុបាន៩ឆ្នាំ ឪពុករបស់លោកបានស្លាប់ចោល។ លុះ ដល់លោកអាយុបាន១២ឆ្នាំក៏កំព្រាម្ដាយទៀតទុកឱ្យរូបលោកទទួលរ៉ាប់រងចិញ្ចឹម ប្អូនៗចំនួន៣នាក់ដោយបានដើររើសអេត ចាយនិងលក់នំតាមចិញ្ចើមផ្លូវ ដើម្បីយកលុយទាំងនោះមកចិញ្ចឹមប្អូនៗ ។ កាល ណោះលោកបានឃើញបណ្ឌិតម្នាក់មកពី ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភឱ្យវត្តព្រះ ឥន្ទ្រកោសីយ៍ បើកបង្រៀនចម្លាក់ស្បែក ពេលនោះក៏សុំគេចូលរៀនចម្លាក់ស្បែកនោះ ។ ក្រោយមករយៈពេលជាង៤ឆ្នាំ លោកបានស្វះស្វែង រៀនជំនាញចម្លាក់ស្បែកនិងផ្នែកគូររូបពីសាលាជាច្រើន កន្លែងនៅក្នុងខេត្តសៀមរាប ។ នៅអំឡុង ឆ្នាំ២០០២ លោកបានសម្រេចចិត្តទៅបង្កើតហាងលក់វត្ថុអនុស្សាវរីយ៍ចម្លាក់ស្បែក នៅមុខប្រាសាទព្រះគោនោះ ដើម្បីរកកម្រៃ ចិញ្ចឹមជីវិតតែមុខរបរលក់ចម្លាក់ស្បែកនេះ មិនបានចំណូលច្រើនដែលអាចឱ្យក្លាយ ទៅជាអ្នកមានទេ គឺគ្រាន់តែចិញ្ចឹមជីវិតបងប្អូនរបស់លោកប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្នវា មិនត្រឹមតែចិញ្ចឹមបងប្អូន របស់លោកទេ គឺមានកុមារក្រីក្រ និងកុមារកំព្រាជាច្រើន រូបទៀត ដែលត្រូវការពឹងពាក់លើរូបលោកធ្វើឱ្យលោកបង្ខំចិត្តប្រែក្លាយ ជាកន្លែងលក់ដូរបែបនេះពីអាជីវកម្មសម្រាប់គ្រួសារ ទៅជាកន្លែងមនុស្សធម៌ ជួយបង្ហាត់បង្រៀនដល់ក្មេងក្រីក្រនិងក្មេងកំព្រាឪពុកម្តាយជាច្រើនទៀត ។
បច្ចុប្បន្នមានកុមារក្រីក្រ និងក្មេងកំព្រា ឪពុកម្ដាយចំនួន៧០នាក់បានស្នាក់នៅកន្លែងរបស់លោក សេរី រតនា ដោយរៀន ឆ្លាក់រូបអំពីស្បែក ដើម្បីលក់បានកម្រៃ សម្រាប់ទៅសាលារៀន ។ សព្វថ្ងៃនេះ ហាងចម្លាក់ស្បែកគោ នៅប្រាសាទព្រះគោ ស្រុកប្រាសាទបាគង របស់ខ្ញុំនេះ មិនត្រឹមតែជួយបង្ហាត់បង្រៀនកុមារខ្មែរឱ្យចេះឆ្លាក់ រូប រកប្រាក់ចំណូលប៉ុណ្ណោះទេ គឺវាក៏ទាក់ ទាញជនបរទេសជាច្រើនឱ្យមកសិក្សាអំពីជំនាញនេះដែរ ព្រោះបច្ចុប្បន្នមានយុវជន តៃវ៉ាន់១ក្រុម កំពុងតែធ្វើជាអ្នកស្ម័គ្រចិត្ត ដើម្បីសិក្សាពីចម្លាក់ស្បែកនេះ ។
លោកស្រី ស៊ុន សុវណ្ណនីប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈ ខេត្តសៀមរាបបានឱ្យដឹងនៅរសៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ថា បច្ចុប្បន្នកន្លែងផលិតចម្លាក់ស្បែកដែលមានទម្រង់ពេញលក្ខណៈជាវប្បធម៌បុរាណ វាអាចធ្វើរូបយកទៅសំដែង ឬយកទៅ តាំងពិព័រណ៌ថ្នាក់ជាតិបាននោះ គឺនៅមាន តែមួយកន្លែងទេ ក្រៅពីនោះចម្លាក់ស្បែក ជាច្រើនទៀត សុទ្ធតែមានលក្ខណៈអាជីវកម្មសម្រាប់គ្រួសារប៉ុណ្ណោះ ។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ឱ្យដឹងទៀតថាចម្លាក់ស្បែក ជាកេរមរតក របស់ដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ ដូច្នេះ បើទោះបីបច្ចុប្បន្ន អ្នកចម្លាក់ស្បែកខ្លះ នៅមានលក្ខណជាទ្រង់ទ្រាយដើម និង លក្ខណៈជាអាជីវកម្មគ្រួសារក្តី ក៏ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈនៅតែត្រេកអរ ។ ពី ព្រោះថាសិល្បៈស្បែកនេះ ក្រៅតែពីយកទៅប្រកបមុខរបរបានប្រាក់ចិញ្ចឹមគ្រួសារ វាក៏ជាអត្តសញ្ញាណជាត់ដែលបញ្ជាក់ថាព្រលឹងសិល្បៈស្បែករបស់ខ្មែរ នៅបន្តរស់ រានមានជីវិតនៅឡើយដែរ ៕ ប៊ុន រិទ្ធី