ចាប់តាំងពីមានការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមកឃើញថាមានការប្រឹងប្រែងអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតគួរឲ្យកោតសរសើរ។ ប៉ុន្តែមាន បញ្ហាមួយដែលរំខានចិត្តរាស្ត្រកាន់តែខ្លាំងទៅៗនោះគឺបញ្ហាកកស្ទះចរាចរណ៍។
បញ្ហានេះបានក្លាយជាប្រធានបទសកលមួយដែលគេលើកយកមកនិយាយជាបែប កំប្លែងក៏មានជាកង្វល់ដ៏ធំធេងពិតប្រាកដក៏មាន។
អ្នកខ្លះណែនាំមិត្តភក្ដិបរទេស ឬក្រុមគ្រួសារមកពីក្រៅប្រទេសថា បើកបរនៅទីក្រុង អច្ឆរិយៈបើគោរពច្បាប់ចរាចរណ៍ពេកគឺពិតជាមិនអាចទៅមុខរួចទេ។ អ្នកខ្លះថាបើអ្នកអាចបើកបរនៅរាជធានីភ្នំពេញបានគឺអ្នកអាចបើកបរនៅទីណាក៏បានដែរនៅលើពិភពលោកនេះ។ អាជ្ញាធរថា ការកកស្ទះភាគច្រើនបណ្ដាលមកពីអ្នកបើកបរមិនគោរព ច្បាប់ចរាចរណ៍បើកជែងដណ្ដើមគ្នាទៅមុន មិនមានការយោគយល់គ្នាជាដើម។
ឮថាមានបម្រាមរថយន្តដឹកទំនិញធុនធ្ងន់បើកបរចូលក្រុងមុនម៉ោង៩យប់ដើម្បីកាត់ បន្ថយការកកស្ទះ។ តើការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពប៉ុនណា? ភាគច្រើនគេ សង្កេតឃើញថា រថយន្តធំទាំងនោះចូលមកក្នុងទីក្រុងដោយមិនប្រកាន់ពេលម៉ោង កំណត់ដោយយោងថាមានករណីពិសេស។ គេគប្បីយល់ថាបើករណីពិសេសច្រើន ពេកគឺវាលែងពិសេសហើយវានឹងក្លាយជារឿងធម្មតា ។
មកដល់ត្រង់នេះសំណួរថ្មីមួយត្រូវចោទសួរឡើងថា តើការកកស្ទះបណ្ដាលមកពីអ្នកបើកបរមិនគោរពច្បាប់ បើកបរជែងគ្នាដោយខ្វះការយោគយល់ ឬក៏កត្តាដែលច្បាប់ មានតែនៅលើក្រដាស? តើមកពីអាជ្ញាធររដ្ឋមិនព្រមអនុវត្តឲ្យមានប្រសិទ្ធភាពបង្កឲ្យមានការកកស្ទះជាដើមហេតុដែលធ្វើឲ្យអ្នកបើកបរលែងខ្វាយខ្វល់គោរពច្បាប់លែងយោគយល់គ្នាធ្វើម៉េចឲ្យតែបានទៅមុខមែនទេ? ៕ ប្រជាពលរដ្ឋម្នាក់