ភ្នំពេញ៖ ទីតាំងជល់មាន់មួយកន្លែង ដែលលួចបើកលេងជល់មាន់ ភ្នាល់ដាក់លុយជាច្រើន មានអ្នកចាញ់ និងអ្នកឈ្នះនៅសង្កាត់គោករកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅវាយបំបែកបាន កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីវាលក្នុងព្រៃឫស្សី ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ក្នុងកិច្ចចុះបង្ក្រាបកន្លែងប្រជល់មាន់ខុសច្បាប់នេះ យោងទៅតាមបទបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានបញ្ជាអោយសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស និងថ្មីនេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ មានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ដោយមានអនុសាសន៍ដ៏ថ្លៃថ្លា ពីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការចុះបង្ក្រាបនេះដឹកនាំដោយលោក វង្ស សុភារ៉ាមេបញ្ជាការរងទទួលការងារជំនាញ បានចុះបង្រាបទីតាំងលួចជល់មាន់នៅចំណុចខាងលើដោយបានដកហូតវត្ថុតាងរួមមាន៖
១.មាន់ជល់០៤ក្បាល
២.កន្ត្រកដាក់មាន់០៥
៣.ជញ្ជីងថ្លឹងមាន់០១
៤.ម៉ូតូ១០គ្រឿង
៥.ស្កត់រុំខ្នាយមាន់មួយចំនួនធំ។ចំនែកមនុស្សបានរត់គេចខ្លួនបាត់អស់។ដោយឡែកមនុស្សគឺកម្លាំងមិនបានបង្ក្រាបបានទេ ហាក់បីដូចជាមានអ្នកនៅពីក្រោយ លួចរាយការណ៍ប្រាប់មុន ទើបនៅពេលកម្លាំងចុះទៅដល់ ស្រាប់ក្រុមអ្នកភ្នាល់មាន់ទាំងនោះរត់បាត់អស់ ដោយបន្សល់ទុកតែវត្ថុតាងនៅកន្លែងតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានការបង្ក្រាប ករណីបទល្មើសខុសច្បាប់លេងល្បែងស៊ីសង មានហ្គេមបាញ់ត្រី បាញ់ពង់បៀ អាប៉ោង និងការជួញដូរ ក៏ដូចជាការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ពួកគាត់ជាប្រជាពលរដ្ឋក្បែរខាង មានការព្រួយបារម្ភដល់កូនៗ តូចៗ ក្មេងគេចសាលា កើតបញ្ហាអសន្តិសុខ មានចោរកម្មជាដើម និងជាពិសេសមានបងតូចបងធំជាដើម ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើកំណត់ហេតុបញ្ជូនទៅខាងអាវុធហត្ថក្រុងដើម្បីស្រាវជ្រាវរកម្ចាស់ចូលខ្លួនមកទទួលទោសតាមផ្លូវច្បាប់ផងដែរ ៕ ព្រែកជ័យ