ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតមានលទ្ធភាពស្រោចស្រពដីស្រែ២២ម៉ឺនហិកតា

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រតូច មធ្យម ធំ ប្រមាណ២១៥ ប្រព័ន្ធ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ប្រមាណ១២០.០០០ ហិកតា និងស្រូវ ប្រាំង៣០.០០០ហិកតា នៅក្នុងខេត្តកំពង់ធំ ត្រូវបានសាងសង់ និងជួសជុល-ស្តារឡើង វិញជាបន្តបន្ទាប់ ។

ទាំងនេះគឺជាផ្លែផ្កានៃគោលនយោ បាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាឆ្នាំ ១៩៨៧ ។ សមិទ្ធ ផលទាំងនេះ បើទោះបីជាមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងផ្ទៃដីបង្កបង្កើនផលនៅក្នុងខេត្ត ដែលមានប្រមាណជាង២២ ម៉ឺនហិកតា ប៉ុន្តែវាបានរួមចំណែកយ៉ាងធំក្នុងការផ្តល់ទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ។

បច្ចុប្បន្ន បើទោះបីរាជរដ្ឋាភិបាលបាន កំណត់ថាការអភិវឌ្ឍធនធានមនុស្សគឺជា វិស័យចម្បង ប៉ុន្តែ “ទឹក” ក៏នៅតែជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពទាំង៤នេះដែរ ។

តាមរយៈគោលនយោបាយនេះប្រព័ន្ធស្រោចស្រពខ្នាតធំជាច្រើនបាន និងកំពុង ដំណើរការសាងសង់ ក្នុងនោះរួមមានទាំងប្រព័ន្ធខ្នាតធំនៅក្នុងខេត្តកំពង់ធំផងដែរ ដូចជាប្រព័ន្ធស្រោចស្រពស្ទឹងតាំងក្រសាំង ប្រព័ន្ធស្រោចស្រពស្ទឺងស្ទោង ប្រព័ន្ធស្រោច ស្រពស្ទឹងជីនិត ប្រព័ន្ធស្រោចស្រព៣០ កញ្ញា… ។ បន្ថែមលើនេះ ក្រុមអ្នកបច្ចេក ទេសក៏បាន និងកំពុងធ្វើការសិក្សាលើ គម្រោងថ្មីៗទៀត ដូចជាប្រព័ន្ធស្ទឹងសែន ទំនប់ដងកាំបិត ទំនប់រក្សា ទំនប់គគីរ… ក្នុងគោលដៅទាញទឹកមកស្តុកទុកឱ្យបានលើសពី២ពាន់លានម៉ែត្រគូបសម្រាប់បម្រើដល់ការងារបង្កបង្កើនផលទាំងប្រាំង និងវស្សា របស់បងប្អូនប្រជាកសិករ ។ ដូចគ្នានឹង បណ្តាខេត្តដទៃទៀតដែរ ប្រព័ន្ធធារា សាស្ត្រនៅក្នុងខេត្តកំពង់ធំ មិនត្រឹមតែ បម្រើឱ្យការស្រោចស្រព និងទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ ប្រព័ន្ធទាំងនោះ ក៏ជារមណីយដ្ឋានទេស ចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលទៀតផង ៕ សហការី

4


ចែករំលែក៖