ភ្នំពេញ៖ កីឡាករ ប្រដាល់៤នាក់ចុងក្រោយ ត្រូវឡើងប្រជែងគ្នា ដើម្បីដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីពួក បានឆ្លងកាត់វគ្គជម្រុះចំនួន២លើករួចហើយ គឺវគ្គជម្រុះ ៣២នាក់ដំបូង និងវគ្គជម្រុះ១៦នាក់ជុំទី២ ចំណែកឯសប្តាហ៍នេះ ពួកគេទាំង៤នាក់នឹងសម្រេចជោគវាសនាចុងក្រោយរបស់ខ្លួន ដើម្បីឈានទៅដណ្តើមពានរង្វាន់ ជើងឯក TV5 Knock Out Series ទម្ងន់៦០ គីឡូក្រាមលើ សង្វៀន Tiffy Arena នាថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
សម្រាប់៤នាក់ ដែលត្រូវប្រកួតជម្រុះចុងក្រោយ គឺកីឡាករ វែន សុភ័ក្រ មកពីក្លិបកងពលតូចឆត្រ
យោង៩១១ និងប្រកួតជាមួយ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ចំណែកឯកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវជួបជាមួយ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធិ ខណៈមានកីឡាករ២នាក់រួចហើយបាននឹងកំពុងឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ គឺកីឡាករ ឡុង សំណាង ក្លិបសាលវ័ន្តកីឡា និង លាស់ យីន ក្លិបសម្រែករាជសីហ៍ ។
ជំនួបប្រកួតរវាងវែន សុភ័ក្រ និង ឃីម បូរ៉ា តាមក្រុមអ្នកវិភាគ ប្រដាល់កត់សម្គាល់ឃើញថា មកដល់ដំណាក់កាលនេះ សម្ថភាពកាន់តែប្រសើរឡើង មិនអាចកំណត់ថា នរណាឈ្នះ នរណាចាញ់នោះទេ ព្រោះវែន សុភ័ក្រ ថ្វីត្បិតតែកីឡាករថ្មីនិងធ្លាប់វាយចាញ់បូរ៉ាដោយពិន្ទុម្តង ប៉ុន្តែស្នៀតជង្គង់ កណ្តាប់ដៃ និង ជើង ព្រមទាំងស្នៀត វាយកែងល្អគូរសម ។ រីឯ ឃីម បូរ៉ាអ្នកប្រដាល់ជើង ស្នៀតកណ្តាប់ដៃនិងជង្គង់ ល្អ ។
ដោយឡែកជំនួប រវាងបឺត សង្ឃឹម និង ជ័យ ប៊ុនសង់វិញ ពិជាបាកទាយមុនថា នរណាខ្លាំងអ្នកណាខ្សោយណាស់ ព្រោះបឺត សង្ឃឹម ជាអ្នកប្រដាល់ស្រករក្រោយប៊ុនសង់ក៏ពិតមែន ប៉ុន្តែគេមានកម្លាំងកាយសម្បទារឹងមាំនិងចេះប្រើគ្រប់ស្នៀត។
កន្លងមក បឺត សង្ឃឹមធ្លាប់វាយ ឈ្នះជើងចាស់វៀត ប៊ុនឌឿន មកពីសមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុ។ រីឯ ជ័យ ប៊ុនសង់ វាយឈ្នះតាំង សីហាមកពីក្លិបកងពលតូចលេខ៧០ដោយពិន្ទុដែរ៕ សារីម