ខេត្តកំពត៖ ករណីមានរថយន្ត១គ្រឿងដឹកឈើ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា កាលពីវេលាម៉ោងជិត១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ ឋិតនៅចំណុចស្ពានស្ទឹងកោះស្លា ក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ត្រូវបានគេលួចទម្លាយថា៖ ឈើនេះជាឈើរបស់លោក ឧត្តមសេនីយ៍ត្រី បុ៉ល ចាន់នី នៅអង្គភាពយោធាស្រែខ្លុង ។
ឈើទាំងនោះដឹកចេញពីតំបន់ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ យកទៅវៀតណាមណាមតាមច្រកតន់ហន់ ខេត្តកំពត តែផ្ទុកលើសទំងន់។
លោក ខាន់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពតបានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហុីយ៉ានដាយ ចំណុះ៨តោន ពាក់ស្លាកលេខ ភ្នំពេញ 3B-5745។ លោកបន្តថា៖ បើតាមការបញ្ជាក់ពីជំនាញរដ្ឋបាលព្រៃឈើ គឺមានជាប្រភេទឈើធ្នង់ សុក្រំ និងឈើម្រេញ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។
បច្ចប្បន្នតំណាងអយ្យការកំពុងសម្របសម្រួលនីតិវិធីអោយខាងជំនាញធ្វើការត្រួតពិនិត្យ ស្រង់ឈើពីស្ទឹង និងវាស់វែង៕ សីលា