ភ្នំពេញ:ស្ត្រីបឹងកក់៤នាក់ ដែលបច្ចុប្បន្នមានតែលោកស្រីទេព វន្នី ម្នាក់ប៉ុណ្ណោះកំពុងជាប់ពន្ធនាគារ ស្នើដូចគ្នាទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លើកលែងការចោទប្រកាន់ដល់ពួកគេ ដោយពួកគេនិយាយថា ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ។
សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បើកសវនាការរឿងក្ដីស្ត្រីបឹងកក់៤នាក់ ពាក់ព័ន្ធបទល្មើសប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។ សវនាការនេះ ធ្វើឡើងតាមបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ដែលមិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសពួកគេក្នុងម្នាក់ៗ៦ខែ ។
តុលាការ រកឃើញថា ពួកគេបានជេរប្រមាថ និង ប្រឆាំង នឹងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ខណៈដែលពួកគេបានដាក់ញត្តិទៅដាក់នៅស្ថាប័ននេះ ដើម្បីសំណូមពរជួយដោះស្រាយបញ្ហាដីធ្លី ។
ជនជាប់ចោទ៤នាក់ រួមមាន ឈ្មោះ ទេព វន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ បដិសេធដូចគ្នា ថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ស្នើសាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់ដល់ពួកគេ ។
ដោយឡែកលោក ស យសថាវរៈ ជាតំណាងមហាអយ្យការ សន្និដ្ឋានថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពិតជាត្រឹមត្រូវ ។ ដូច្នេះសុំតម្កល់ទោសទុកជាបានការដដែល ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោលជាច្រើនម៉ោង លោកចៅក្រម ញូង ធុល បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះវិញ ៕ ចេស្តា