ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលា២ក្រុមនៅវិទ្យាល័យសហ៊ុនសែនបរិបូរណ៍ បានឌឺដងដាក់គ្នា រហូតដល់ដេញវាយគ្នាពេញទីធ្លាសាលា ហើយត្រូវសមត្ថកិច្ចដែលនៅទីនោះជួយអន្តរាគមន៍និង ឃាត់ខ្លួនសិស្សទំនើងទាំងនេះ យកមកអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ហេតុការណ៍សិស្សសាលាដេញវាយគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ ស្ថិតនៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
អធិការនគរបាលស្រុកបរិបូរណ៍ ជាង សុវណ្ណារិទ្ធ បានអោយដឹងថា ក្រុមសិស្សសាលា ដែលដែលសមត្ថកិច្ចឃាត់ខ្លួននេះ ១. ឈ្មោះ នៅ គង្គា ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះជួបវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ សិស្សទាំងពីរនាក់នេះ រស់នៅឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ ។៣.ឈ្មោះ គន គារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះនាង ពុទ្ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ និង ៥.ឈ្មោះជា ស៊ីម៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ សិស្សទាំង៣ខាងក្រោមនេះ រស់នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងដែលបម្រើអោយសកម្មភាពនៃការវាយតប់គ្នានេះ មាន កាំបិត ខ្សែក្រវ៉ាត់ ដាវ មួយចំនួនផងដែរ ។
លោកអធិការបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ សិស្សសាលាទាំងពីរក្រុមនេះបានឌឺដងសំដីដាក់គ្នាទៅវិញទៅមក មួយសន្ទុះក្រោយមកក៍ស្រាប់តែយកខែ្សក្រវ៉ាត់ និងខ្លះទៀតមានកាំបិតដេញវាយកាប់ចាក់គ្នាពេញទីធ្លាសាលាតែម្តង បង្ករអោយមានការភ្ញាក់ផ្អើល ភ្លាមៗនោះសមត្ថកិច្ចដែលប្រចាំការនៅទីនោះ បានចុះទៅអន្តរាគមន៍រារាំងកុំអោយសិស្សសាលាទាំងពីក្រុមនេះវាយតប់គ្នា និង បានឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ។
ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចបានអោយអណាព្យាបាលមកធានាយកទៅផ្ទះវិញរៀងខ្លួនដោយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះតទៅទៀត។
ប្រជាពលរដ្ឋដែលនៅក្បែនោះបាននិយាយថា កន្លងមកនៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍តែងតែមានសិស្សសាលាចែកក្រុមបក្ខពួកគ្នា មានមកពីក្រុមអញ្ចាញរូនិងពេជ្រចង្វា១ក្រុម និង ក្រុមពន្លៃ១ក្រុម ដែលគេសង្កេតឃើញថា ក្រុមទាំងពីរនេះតែងតែបង្ករទំនាស់ដាក់គ្នា ពេលមករៀនគឺដាក់អាវុធមកជាប់ខ្លួនជាប្រចាំ មានដាវ កាំបិត ពូថៅ និង ឧបករណ៍ផ្សេងៗទៀត ខ្លះចូលទៅក្នុងសាលា ខ្លះទុកនៅខាងក្រៅ ហើយបើមានទំនាស់គឺមានអាវុធគ្រប់ដៃ ដូចរឿងចិនហុងកុងអីចឹង ៕ ចន្ថា