ខេត្តកណ្តាលៈ បុរសម្នាក់ទំនងជាកើតជម្ងឺខ្យល់គរ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភី គៀន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងអណ្ដូង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FO-1358 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តតាកែវ ខណៈបើកដល់ចំណុចកើតហេតុក៏ដួលបោកទៅលើផ្លូវដោយមិនដឹងមូលហេតុ បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ តែជាអកុលសពេលទៅដល់ពាក់កណ្តាលផ្លូវជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ។
បច្ចុប្បន្នម៉ូតូ និងសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានដាក់ការសន្និដ្ឋានថា ទំនងជាជនរងគ្រោះកើតជម្ងឺខ្យល់គពេលកំពុងជិះម៉ូតូទើបបណ្តាលឲ្យដួលយ៉ាងដូច្នេះ៕ ស្អាងជ័យ