ភ្នំពេញ៖ កញ្ញា សុន កណ្ណិកា ដែលធ្លាប់ធ្វើឲ្យអ្នកលេងបញ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទុះសំណើចនោះ បានសម្រេចចិត្តចូលរោងការជាមួយមន្ត្រីប៉ូលីសសេដ្ឋកិច្ចផ្កាយពីរ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមវត្តមានភ្ញៀវខ្ទង់ពាន់នាក់ បូករួមទាំងសិល្បករល្បីឈ្មោះជាច្រើនចូលរួមផងដែរ ។
តារាហ្វេសប៊ុកល្បីឈ្មោះសុន កណ្ណិកា បានចូលរោងការដ៏គួរឲ្យភ្ញាក់ផ្អើល គឺមង្គលការនាងត្រូវទម្លាយអគារ៤ជាប់ៗគ្នា ព្រោះមានវត្តមានភ្ញៀវកិត្តិយសរាប់ពាន់នាក់។ ស្វាមីនាង ឈ្មោះអេង គឹមហៃ ជាអនុប្រធាននាយកដ្ឋានសេដ្ឋកិច្ច ( ឧត្តមសេនីយ៍ទោ )និងជាប្អូនប្រុសរបស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ។ មង្គលការដែលមានភ្ញៀវខ្ទង់ពាន់នាក់នេះ គេសង្កេតឃើញមានវត្តមានភ្ញៀវជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអ្នកជំនួញ និងសិល្បករមកពីសមាគមមិត្តសិល្បៈជួយសង្គមរបស់អ្នកនាងចន ច័ន្ទលក្ខិណា ។
អ្នកលេងហ្វេសប៊ុកដែលនិយមធ្វើមុខក្រមិចក្រមើម និងការចេះប្រើប្រាស់ពាក្យពេចន៍កំប្លែងរូបនេះ គឺជាអ្នកជំនួញវ័យក្មេងម្នាក់ផងដែរ។ យុវតីវ័យ១៨ឆ្នាំរូបនេះ បានជំរុញអាជីវកម្មហាងប៉ាក់ និងបោះពុម្ពរួមទាំងហាងលក់ផលិតផលធ្វើឲ្យធ្មេញសរបស់កញ្ញា បានទទួលជោគជ័យរហូតមកដល់សព្វថ្ងៃនេះ ៕ វឌ្ឍនា