យ៉ាងហោចណាស់ ក៏មានមនុស្ស១០០នាក់ស្លាប់និងជាង១៥០នាក់ រងរបួសនៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែក អត្តឃាតកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងព្រះវិហារ Lal Shahbaz Qalandar ស្ថិតនៅស្រុក Sehwan ខេត្ត Sindh ។
នៅពេលនោះ ជនវាយប្រហារអត្តឃាតបានបំផ្ទុះគ្រាប់បែកដែលលាក់នៅក្នុងខ្លួន ខណៈដែលសាសនិកកំពុងតែបួងសួង ។ ការសន្និដ្ឋានពេលដំបូង គឺមានអ្នកស្លាប់៧២នាក់ និង១៥០នាក់រងរបួស ក្នុងការវាយប្រហារខាងលើ ។ ក្រោយមក មន្ត្រីប៉ូលិស លោក Rasool Baksh បានបញ្ជាក់ថា មានមនុស្សស្លាប់យ៉ាងតិច១០០នាក់ នៅក្នុងការវាយប្រហារខាងលើ ។
លោក Asif Ghafoor អ្នកនាំពាក្យ កម្លាំងប្រដាប់អាវុធប៉ាគីស្ថានបានឲ្យដឹងថា ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅជិតនោះ ។ ក្រុមភេរវកម្ម IS ចេញមុខទទួលស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ខ្លួន បណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់ និងរបួស ។
ចំណែកនៅក្នុងប្រទេសអ៊ីរ៉ាក់វិញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ មានការវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តនៅកណ្តាលទីក្រុងបាដាត ប្រទេសអីរ៉ាក់ សម្លាប់មនុស្ស៥១នាក់ ។
កម្លាំងសន្តិសុខអ៊ីរ៉ាក់បានឲ្យដឹងថា រថយន្តមួយគ្រឿងផ្ទុកគ្រាប់បែក បានផ្ទុះនៅកន្លែងលករថយន្តស្ថិតនៅក្នុងផ្សារ ដែលមានមនុស្សច្រើនក្នុងតំបន់ Hayy al Shurta មានពលរដ្ឋអ្នកកាន់សាសនាអិស្លាម និកាយស៊ីអ៊ិតរស់នៅ ។ ការផ្ទុះខាងលើបានបំផ្លាញរថយន្តជាច្រើនគ្រឿង របស់ពលរដ្ឋ និងធ្វើឲ្យខូចខាតអគារ ហាងលក់ទំនិញនៅទីនោះ ។ នៅក្នុងសេចក្តីប្រកាសមួយ ក្រុមអិស្លាម IS ទទួលខុសត្រូវពីការវាយប្រហារខាងលើ ។
ក្រសួងការបរទេសអាមេរិកបានថ្កោលទោសការវាយប្រហារខាងលើរបស់ក្រុមភេរវកម្ម IS ទៅលើទីតាំងលក់រថយន្តនៅទីក្រុងបាដាត ។ ក្រសួងការបរទេសអាមេរិក បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះហើយជូនពរអ្នករងរបួសឆាប់ជាសះស្បើយ ។
សកម្មភាពវាយប្រហារសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ គឺជាការមើលស្រាលដល់ជីវិត្តរបស់ពលរដ្ឋ និងធ្វើឲ្យពលរដ្ឋអីរ៉ាក់កាន់តែបែកបាក់គ្នា រវាងអ្នកកាន់សាសនាអិស្លាមនិកាយស៊ីអីត និងនិកាយ សាន់នី។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា នឹងសហការជាមួយអីរ៉ាក់ ក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម នឹងចាប់ជនដៃដល់ទៅទទួលខុសត្រូវមុខច្បាប់ ៕ ម៉ែវ សាធី