ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស បានសន្យា និងពន្លឿនការចុះកិច្ចសន្យារវាងក្រុមហ៊ុនស៉ិនទ្រី និងខណ្ឌទាំង១២ នៅ ឆមាសទី២នេះ ដើម្បីកុំឲ្យក្រុមហ៊ុនសុិនទ្រី ជិះសេះលែងដៃ ដូចសព្វថ្ងៃ រឿងប្រមូលសំរាម នៅតាមបណ្ដាខណ្ឌ ដែលខ្លួនទទួលសិទ្ធិអាជីវកម្ម ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ បានសន្យាបែបបនេះ ខណៈទទួល ជួបជាមួយក្រុមហ៊ុនស៉ិនទ្រី និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិភាក្សាផ្សព្វផ្សាយ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅលើការអនុវត្តនូវកិច្ចសន្យាជាមួយបណ្ដាខណ្ឌទាំង៤កណ្ដាលក្រុងកន្លងមក ។
ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស បានបន្ដថា ៖ អាជ្ញាធររាជ ធានីភ្នំពេញ ខិតខំពន្លឿន ការងារអនាម័យ បរិស្ថាន ទីក្រុង នេះឲ្យបាន ល្អ តាមរយៈ ការចុះកិច្ចសន្យាជាបន្តបន្ទាប់ទៀត ឲ្យបានក្នុងឆមាសទី២ ឆ្នាំនេះជាមួយខណ្ឌផ្សេងទៀត។
លោក បន្ដថា៖ បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយខណ្ឌ ទាំង១២ និងក្រុមហ៊ុនសុិទ្រីរួច បញ្ហាសំរាមបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ប៉ុន្តែយើងក៏ទទួលស្គាល់ថានៅមានបញ្ហាខ្លះៗ ដែលនៅសេសសល់ត្រូវតែដោះស្រាយ។
លោកបន្ដថា៖ កិច្ចការដែលត្រូវធ្វើបន្តរួមមាន ១-ទាំងក្រុមហ៊ុន និងអាជ្ញាធរខណ្ឌត្រូវគិតគូរឲ្យរួចរាល់ ដើម្បីរៀបចំចុះកិច្ចសន្យាជាមួយខណ្ឌដែលមិនទាន់ចុះកិច្ចសន្យា។ ២-មន្ដ្រីជំនាញអាជ្ញាធរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌ និងក្រុមហ៊ុនសុិនទ្រី ត្រូវពិភាក្សា និងសិក្សាលើការ កំណត់តម្លៃសំរាមជាឯកតាណាមួយឲ្យបានច្បាស់លាស់។
ក្រោយពីបានឯកភាព ចុះកិច្ចសន្យា ការសម្អាត អនាម័យ បរិស្ថាន ក្រុមហ៊ុនសុិនទ្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពី ការទុកដាក់ សំរាម ដើម្បីលុបបំបាត់បញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឲ្យនៅកំរិតទាបបំផុត ៕ សំរិត