ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៣និង១៧នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែររបង សាលារៀនឯកជនមួយកន្លែង ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សមត្ថកិច្ចបានបង្ក្រាបល្បែងហ្គេមអ៊ីនធើណេត និងល្បែងបៀរ ឃាត់ខ្លួនសិស្ស និងមនុស្សប្រុស ស្រីជាង១០នាក់ និងរឹបអូសទូហ្គេម៩ទូផងដែរ ។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនលើក ច្រើនសារប្រាប់ដល់នគរបាល ខណៈមានករណីបើកលេងល្បែងហ្គេមអ៊ីនធើណេតនៅក្បែររបងសាលារៀនឯកជនមួយកន្លែង ដែលធ្វើឱ្យកូនៗរបស់ពួកគាត់ភ្លេចការរៀនសូត្រ ភ្លេចបាយភ្លេចទឹក។
បន្ទាប់ពីក្រុមបង្ការ បង្ក្រាបនៃនគរបាលស្នងការខេត្តបានចុះបង្ក្រាបកន្លែងលេងល្បែង២កន្លែង ទី១.ហ្គេមអ៊ីនធើណេត នៅខាងក្រោយផ្សារតប៉ាច ចំងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រឹបអូសបានទូរហ្គេម៩គ្រឿង ឃាត់ខ្លួនក្មេងសិស្សសាលាលេងហ្គេម៩នាក់ និងម្ចាស់ផ្ទះម្នាក់ ឈ្មោះ អ៊ឹង ចេងលេង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិខាងលើ ។ ទី២. ល្បែងលេងបៀរនៅខាងក្រោយផ្សារតាប៉ាច ចំងាយ១០ម៉ែត្រ ដកហូតបៀរ១ហ៊ូ ៥២សន្លឹក និងឃាត់ខ្លួន៣នាក់ ក្នុងនោះប្រុស២នាក់ ស្រីម្នាក់ ។ ករណីខាងលើជំនាញកំពុងអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា កាលពីនគរបាលមិនទាន់ចុះបង្ក្រាបល្បែងហ្គែមមានរហូតដល់ចំនួន៥ទៅ៦កន្លែង ស្ថិតនៅក្បែររបងសាលារៀនឯកជនមួយកន្លែង ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កំពុងពង្វក់ស្មារតីក្មេងតូចៗ ជាសិស្សសាលា ឱ្យភ្លេចការរៀនសូត្រ ។ តែពេលសួរនាំ ខាងម្ចាស់ហ្គែមប្រាប់ថា បង់លុយឱ្យទៅនគរបាលខេត្តប៉ៃលិនរួចរាល់អស់ហើយ បើចង់ថតរូបភាពយកទៅចាក់ផ្សាយយ៉ាងណាក៏មិនខ្លាចនោះឡើយ ។
ចំណែកពលរដ្ឋ រស់នៅភូមិខាងលើ មានសាទរដល់សមត្ថកិច្ចដែលចុះបង្រ្កាបនេះពីមុនពួកគាត់មានការព្រួយបារម្ភពីកូនរបស់ខ្លួន បើទោះបីជាស្ថិតនៅក្នុងម៉ោងសិក្សាយ៉ាងណា ក៏មានអ្នកខ្លះគេចមិនចូលរៀន ដោ យ វក់នឹងល្បែងហ្គែម កុំព្យូរទ័រ ដែលឈ្មួញកំពុងតែដាក់ឱ្យលេងយ៉ាងគគ្រឹកគគ្រេង ។
ចំណែកអ្នកខ្លះទៀត បានរអ៊ូរទាំថា បើសិនជាមានការបើកឱ្យលេងល្បែងមួយនេះ គួរតែដាក់ឱ្យស្ថិតនៅឆ្ងាយពីរបងសាលា ទើបមិនបង្កបញ្ហាដល់សិស្ស ដែលកំពុងតែរៀនសូត្រនៅក្បែរនោះ ព្រោះតែល្បែងមួយនេះនៅក្បែរខ្លាំងពេក ធ្វើឱ្យអារម្មណ៍ពួកគេមិនដក់ ជាប់ក្នុងការរៀនសូត្រនោះឡើយ គឺនឹកឃើញតែការលេងល្បែងនេះប៉ុណ្ណោះ ។
មិនត្រឹមតែល្បែងហ្គែមអ៊ីនធើណេត និងល្បែងបៀរប៉ុណ្ណោះទេ សូម្បីតែល្បែងកន្ទុយលេខឆ្នោត ក៏កំពុងតែ ត្រូវបានគេបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងនៅក្នុងផ្សារទាំងអស់ទូទាំងខេត្តប៉ៃលិន ដែលជាហេតុ បង្កឱ្យមានករណីហិង្សាក្នុងគ្រួសារ មានករណីចោរលួចឆក់ប្លន់ និងអំពើឃាតកម្មចាប់សម្លាប់ថែមទៀតផង ។ តែគេមិនឃើញនគរបាលចុះបង្ក្រាបនោះឡើយ សង្ស័យត្រូវថ្នាំសណ្តំរបស់មេឆ្នោតអស់ហើយ មើលទៅ ៕ស សារ៉េត