ភ្នំពេញ៖ តារាសម្តែងស្រីអន រ៉ាស៊ី សុមេត្តា ហៅ ណូម័រ កាន់តែលេចធ្លោរខ្លាំងជាមួយនឹងការងារសិល្បៈ ពិសេសក្រោយពីនាងទទួលបានការងារច្រើនទាំងសម្តែង និងពិធីករ។ ផ្ទុយពីការសប្បាយចិត្តនឹងការងាររីកចម្រើន តារាស្រីរូបនេះលើកឡើងកាន់តែអាណិតម្តាយ ដែលដើរតាមថែស្ទើរគ្រប់ជំហ៊ានមិនថាយប់ថ្ងៃ ។
ការងារសិល្បៈរបស់ ណូម័រ បានស្ទុះងើបឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឆ្នាំនេះ នាងទទួលបានការសម្តែងភាពយន្តថ្មីចំនួន៤រឿង ដែលសុទ្ធសឹងជាតួអង្គសំខាន់ ។ នាងថា រឿងទាំង៤នោះមានដូចជារឿង «មន្តស្នេហ៍ក្រមុំបាយឆា» រឿង “ម្តាយក្មេករើសកូនប្រសា” រឿង “កំលោះយំក្រមុំសើច” និងរឿង “ទេពធីតាសម្រាម”។
នាងបញ្ជាក់ថា រឿងខ្លះត្រូវថតទាំងថ្ងៃទាំងយប់ហើយអ្វីដែលធ្វើឲ្យនាងនឹកឃើញ និងស្រណោះខ្លាំង គឺម្តាយដែលតែងតាមទៅថត គ្រប់ទីកន្លែងមិនថា ត្រជាក់ ឬក្តៅ។ នាងថា អារម្មណ៍របស់នាងពិតជាអាណិតម្តាយ ដែលមានវ័យ៥៧ឆ្នាំហើយគួរតែបាននៅសម្រាកនៅផ្ទះឲ្យបានស្រួលខ្លួន តែបែរជាត្រូវមកតាមកូនស្រីគ្រប់ច្រកល្ហក។
នាងបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលនាងចូលសិល្បៈម្តាយនាងតាមស្ទើរគ្រប់ជំហ៊ាន។ នាងបញ្ជាក់ថា នាយកម្តាយតាមខ្លួនគ្រាន់បានជាគ្នា ពេលធ្វើដំណើរ ទៅណាមកណាមិនមែននាងនៅក្មេងទេ ហើយក៏មិនបង្កការលំបាក និងឲ្យម្តាយជួយការងារអ្វីទេសូម្បីតែយួរ ឬកាន់សម្លៀកបំពាក់។ នាងថា ពេលខ្លះការចេញទៅខេត្តម្តងៗ ក៏ជាឱកាសដែលអាចនាំម្តាយសម្រាកលំហែផងដែរ។ អ្វីដែលធ្វើឲ្យនាងកាន់តែអាណិត និងនឹកគុណម្តាយគឺតែងតាមមើលថែនាងដូចនាងកាលពីក្មេង និងតែងផ្តល់កម្លាំងចិត្តឲ្យនាងជានិច្ចគ្រាដែលនាងលំបាកចិត្ត។
តារាស្រីរូបនេះ សន្យាក្នុងចិត្តថា នឹងឲ្យម្តាយរស់នៅដោយមានសេចក្តីសុខ សុភមង្គល និងដើរទៅតាមពាក្យអប់រំទូន្មានរបស់ម្តាយ ហើយនាងនឹងព្យាយាមបំពេញការងារសិល្បៈឲ្យកាន់តែល្អតបតាមការចង់បានរបស់អ្នកគាំទ្រ៕ វឌ្ឍនា