ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បាននាំយកនូវអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៥០នាក់ស្មើនឹង៥០គ្រួសារ ដែលមកពីភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៧។
អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅដែលបានយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាទាំង៥០គ្រួសារនេះ ដោយមានការចូលរួមពីលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅនិងជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌជំនួសអោយលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌនិងលោកស្រី ស៊ុន ចាន់ណារី អភិបាលរង ព្រមទាំងមន្ត្រី សមាជិក សមាជិកាខណ្ឌចូលរួមផងដែរ។
ថ្លែងក្នុងពិធីនេះលោកជា ខេមា អភិបាលរងនិងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ទៅកាន់ពួកគាត់ថា អំណោយដែលបានយកមកចែកជូននៅពេលនេះគឹបានមកពី ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រឹងយកអស់កម្លាំងកាយចិត្តដើម្បីប្រទេសជាតិទាំងមូល។
លោកបន្តថា អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាទាំងនោះមាន អង្ករ១បាវ ត្រីខ១យួរ មុីយើង១កេះ ឃីតមួយកញ្ចប់និងថវិការ១០០០០រៀលផងដែរ លោកបន្តទៀតដែរថា ត្បិតតែអំណោយដែលបានយកមកចែកជូនមានតិចតួចក៏ពិតមែន តែអាចជួយដោះទាល់បានម្តងម្កាលផងដែរ ។
ក្នុងនាមជាអាជ្ញាធរនិងជាថ្នាក់ដឹកនាំផ្ទាល់តាមមូលដ្ឋាននិង យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងជាថ្នាក់ដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកបានមានប្រសាសន៍ថា មិនទុកអោយអ្នកណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ទីណាមានទុក្ខលំបាកទីនោះតែងតែកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច៕ ព្រែកជ័យ