ភ្នំពេញ៖ ភាពយន្តរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ដែលថតដោយតារាសម្ដែង Angelina Jolie កំពុងបានចាក់បញ្ចាំងក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃទី១៨កុម្ភៈ២០១៧ក្រោមព្រះរាជវត្តមានយាងទតផ្ទាល់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ភាពយន្តដ៏ល្បីល្បាញដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជុំវិញពិភពលោកនេះ នឹងត្រូវធ្វើការចាក់បញ្ចាំងនៅភ្នំពេញថ្ងៃទី២១ ខែកុម្ភៈនេះ។
នៅលើវិបសាយភាពយន្ត online ដ៏ល្បី Netflix ដែលបង្ហាពីTrailer រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ជារឿងខ្មែរនិងផលិតដោយ Angelina Jolie ដំបូងដែលថតនៅប្រទេសកម្ពុជាបានធ្វើឲ្យកក្រើកអស់អ្នកមហាជនទាំងក្នុងនិងក្រៅស្រុក ។ រឿងរ៉ាវស្តីពីការចងចាំរបស់កុមារីម្នាក់កាលពីអតីតបច្ចុប្បន្នជាសកម្មជនសិទ្ធិមនុស្សនៅអាមេរិកនិងជាអ្នកនិពន្ធនៃរឿងនេះដែរឈ្មោះលឿងអ៊ឹងនោះ បានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានក្នុងនិងក្រៅស្រុកជាច្រើនធ្វើការចុះផ្សាយ។ ថ្ងៃសម្ពោធចាក់បញ្ចាំងលើកដំបូងនៅកម្ពុជាកាលពីថ្ងៃទី១៨នៅលើទឹកដីនៃខេត្តសៀមរាបក្រោមព្រះរាជវត្តមានព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាមុន្នីនាថសីហនុព្រមទាំងរួមទាំងរាជរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ប្រមាណជាង២ពាន់នាក់នៅទីលានជល់ដំរីខាងមុខប្រាសាទអង្គរធំ។ ដូចការសន្យារបស់Angelina Jolie ថានឹងធ្វើការចាក់បញ្ចាំងដំបូងគេនៅកម្ពុជាដើម្បីឲ្យប្រជាជនខ្មែរបានទស្សនា នាងក៏នឹងបន្តរៀបចំឲ្យមានការចាក់បញ្ចាំងភាពយន្តនេះនៅរាជធានីភ្នំពេញផងដែរនៅរាត្រីថ្ងៃទី២១ខែកុម្ភៈនេះនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិច។ សំបុត្រមិនត្រូវបានលក់ទេគឺនឹងអាចចូលទស្សនាសម្រាប់អ្នកដែលមានសំបុត្រអញ្ជើញជាផ្លូវការប៉ុណ្ណោះ។
បើតាមការលេចលឺ ភាពយន្តនេះ នឹងមិនមានការចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗនៅកម្ពុជា ដោយការលក់សំបុត្រនោះទេ ប៉ុន្តែអ្នកស្រី Angelina Jolie ទំនងជាស្វែងរកវិធីក្នុងការចាក់បញ្ចាំងឲ្យប្រជាជនខ្មែរភាពច្រើនបានទស្សនាទៅតាមលទ្ធភាព ។
អ្នកស្រីAngelina Jolie បញ្ជាក់ថា រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” មិនមែនធ្វើឡើងដើម្បីបង្ហាញប្រវត្តិសាស្រ្តអាក្រក់របស់ខ្មែរឡើយតែអ្នកស្រីថាការផលិតរឿងនេះគឺជាការចងចាំនិងរំលឹកនៃការតស៊ូរើបំរាស់របស់ប្រជាពលរដ្ឋខ្មែរកាលសម័យនោះក៏ដូចជាភាពស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជានិងភាពប៉ិនប្រសប់នៃការសម្តែងរបស់ជនជាតិខ្មែរព្រមទាំងឧទ្ទិសវិញ្ញាណក្ខន្ឌដល់ជនរងគ្រោះកំឡុងរបបខ្មែរក្រហមនោះ៕ វឌ្ឍនា